ព្រោះតែមូលហេតុបែបនេះ ទើប ភិន សុដាលីស ជាប់ឈ្មោះជាតារាគំរូក្នុងការប្រើបណ្ដាញសង្គម

តារាសម្ដែងវ័យក្មេង ​ភិន សុដាលីស ក្រៅពីទទួលបានការអាណិតអាសូរពីសំណាក់មហាជន​និងអ្នកគាំទ្ររបស់ខ្លួនក្នុងរឿងរ៉ាវស្នេហាមិនសមបំណងជាមួយតារាសម្ដែងស្រស់សង្ហា លោកប៉ែន ចំរុង ដោយបន្សល់ទុកកូនស្រីស្រស់សោភាម្នាក់រួចមក នាងក៏ត្រូវបានគេកត់សម្គាល់ និង​ចាត់ទុកជាតារាគំរូក្នុងការប្រើប្រាស់បណ្ដាញសង្គម ព្រោះនាងមិនត្រឹមតែមិនដែលបង្ហាញពីរូបភាព ពាក្យសំដី និងសំណេរដែលធ្វើឱ្យប៉ះពាល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាតារាដែលតែងតែដាក់ប្រភពនិងឈ្មោះកម្មសិទ្ធបញ្ញាជានិច្ច នូវរាល់អត្ថបទដែលនាងយកមកចែករំលែក។

ក្នុងនាមជាស្រ្តីមេម៉ាយក្មេងវ័យដែលខំក្រាញននៀលតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង កូនស្រីច្បងម្ចាស់ផលិតកម្មរូបនេះ ត្រូវបានគេកត់សម្គាល់ថា​ នាងបានចេញមុខបកស្រាយការពិត​និងបង្ហោះពាក្យពេចន៍មិនសប្បាយចិត្តសំដៅដល់អតីតប្ដីតែម្ដងគត់ ក្រៅពីនោះគឺនាងគិតតែបង្ហោះនូវសារលើកទឹកចិត្ត និងបង្ហាញពីរូបភាពកក់ក្ដៅជាមួយកូនស្រីបណ្ដូលចិត្តតែប៉ុណ្ណោះ។ អ្វីដែលរឹតតែគួរសរសើរនោះ គឺបើឃ្លោងឃ្លាអប់រំណាដែលនាងដកស្រង់ ឬយកពីអ្នកនិពន្ធផ្សេង គឺនាងតែងតែបញ្ជាប់ប្រាប់ប្រភពច្បាស់លាស់ មិនខ្លាចគេនិយាយថានាងយកគំនិតពីគេមកផ្សព្វផ្សាយលើកទឹកចិត្តអ្នកដទៃនោះទេ។

គួរបញ្ជាក់ថា ក្រោយពីផ្ដាច់ចំណងស្នេហ៍ពីអតីតស្វាមីដែលចងចំណងគ្រួសារត្រឹមតែអេតាស៊ីវិលរួចមក ពេលនេះ កូនស្រីរបស់នាងមានអាយុ ៤ ឆ្នាំ ហើយមានមុខមាត់គួរឱ្យស្រឡាញ់មិនចាញ់កូនអ្នកសិល្បៈល្បីឈ្មោះផ្សេងៗនោះឡើយ។ ងាកមកជីវិតគូស្នេហាវិញ ក្រោយបែកបាក់ស្នេហ៍លើកទីមួយមក បច្ចុប្បន្ន នាងខិតខំពង្រឹងមុខជំនួញគឺអាជីវកម្មតាមអនឡាញ ហើយមិនទាន់មានគម្រោងគិតគូរស្នេហាថ្មីជាមួយបុរសណានៅឡើយ៕

ដោយ៖ ភូមិន្ទ