ឃើញតុបតែងខ្លួនប្លែកៗ! មិននឹកស្មានថា រំដួលលិចទឹកធ្លាប់ទទួលពានរង្វាន់ ៦ ដងឯណោះ

លោក ម៉ិញ ចាន់វ៉ាន់ដា មានងារជាកញ្ញា រំដួលលិចទឹក គឺជាបុគ្គលមួយរូបដែលមានសមត្ថភាពខ្ពស់ក្នុងការផាត់មុខក៏ដូចជាមានភាពច្នៃប្រឌិតក្នុងការតុបតែងខ្លួនប្លែកៗពេញដោយសិល្បៈរស់រវើក។ មិនតែប៉ុណ្ណោះ គ្រប់ម៉ូតនៃសម្លៀកបំពាក់របស់កញ្ញាគឺសុទ្ធតែបង្កប់នូវអត្ថន័យខ្លឹមសារគួរឱ្យសរសើរទៀតផង។ អ្វីដែលរឹតតែពិសេសសម្រាប់កូនខ្មែរម្នាក់នេះ គឺចំណេះជំនាញផាត់មុខធ្វើសក់របស់នាងធ្លាប់បានធ្វើជាកម្រាលព្រំស្ទួយនាងឱ្យឡើងទទួលបានពានរង្វាន់រហូតដល់ទៅ ៦ ដងឯណោះ។

ជួបជាអ្នកសារព័ត៌មានរបស់ Sky Brother Media កាលពីពេលថ្មីៗនេះ កញ្ញា រំដួលលិចទឹក បានបញ្ជាក់ឱ្យដឹងថា កញ្ញា​មិន​បាន​ចូល​រៀន​សាលាបង្រៀនមុខជំនាញមួយនេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​គេ​ទេ ព្រោះ​មក​ពី​កត្តា​ជីវភាព​របស់​គ្រួសារ​។ តែ​កញ្ញា​ចេះ​ចាំមកពី​ការ​ហាត់រៀន​មើល​ពី​គេ និង​ពេល​ខ្លះ​គឺ​ទៅ​សុំ​ធ្វើការងារ​ក្នុង​ហាង​សាឡន​ផ្សេងៗ និង​បាន​ចូល​រៀន​វគ្គ​ខ្លី​ៗ​ខ្លះ​ពី​គ្រូ​ឯកទេស​ដែល​អញ្ជើញ​មកពី​បរទេស។

ស្នាដៃ​ផ្សេងៗដែលទទួលបាន

  • កាលពី​ឆ្នាំ ២០០៦ រំដួលលិចទឹក ​ធ្លាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​ធ្វើ​សក់​នៅ​មហោស្រព​ចេនឡា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ផ្នែក​ធ្វើ​សក់ Fancy ។
  • ឆ្នាំ ២០១០ នាងក៏​បាន​ចូលរួម​ប្រកួត​ផ្នែក​ធ្វើ​សក់​ផាត់​មុខ ធ្វើ​ក្រចក​នៅ ពិព័រណ៍ Fashion ថៃ ហើយ​​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ផ្នែក​ផាត់​មុខ​ធ្វើ​សក់​កូន​ក្រមុំ និង​បាន​លេខ​២ ផ្នែក​ធ្វើ​ក្រចក។
  • ឆ្នាំ ២០១៣ នាងក៏​បាន​ចូលរួម​ម្ដង​ទៀត​ក្នុង​កម្មវិធី ពិព័រណ៍ Fashion ថៃ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ផ្នែក​កាត់​សក់​បុរស។
  • ឆ្នាំ ២០១៤ នាង​​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍ Fashion ថៃ​ដូចគ្នា ​ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ ផ្នែក​ធ្វើ​សក់​ផាត់​មុខ​ក្នុង​កម្មវិធី​រាត្រីសមោសរ
  • និងក្នុងឆ្នាំ ២០១៤ ដដែល​នាង​ក៏​បាន​ជាប់​ជា Top 10 Asian ផ្នែក​ធ្វើ​សក់ជាថ្មីម្ដងទៀត។

ការមានចំណេះជំនាញពិតប្រាកដនិងគំនិតច្នៃប្រឌិតខ្ពស់នេះ បានជួយឱ្យនាងមានឱកាសបញ្ចេញស្នាដៃផាត់មុខធ្វើសក់ឱ្យតារាល្បីៗលំដាប់់ប្រទេសជាច្រើមានដូចជា មាស សុខសោភា និង ឱក សុគន្ធកញ្ញា ជាដើម។ ភាពល្បីរន្ទឺរនៃស្នាដៃ និងការតុបតែងជាសិល្បៈកែច្នៃផ្សេងៗដើម្បីចូលរួមលើកកម្ពស់បរិដ្ឋាននេះ​ នាងក៏ត្រូវបានបណ្ដាសារព័ត៌មានផ្សេងៗដូចជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ីជាដើម ចុះផ្សាយលើកសរសើរស្នាដៃនាងជាហូរហែរ។

បច្ចុប្បន្ន ក្រៅពីប្រឡូកជាតួក្នុងខ្សែភាពយន្ដ ដោយមមាញឹកក្នុងកម្រិតបង្គួរ និងបង្ហាញសមត្ថភាពតាមរយៈការច្នៃម៉ូដតាមកម្មវិធីផ្សេងៗហើយនោះ កញ្ញា ក៏មានហាងផាត់មុខធ្វើសក់ផ្ទាល់ខ្លួនមួយកន្លែងដែលបានមកពីកម្លាំងញើសឈាមខ្លួនឯងផ្ទាល់ផងដែរ។

ដូច្នេះ ចង់ដឹងថា រំដួលលិចទឹក មានភាពច្នៃប្រខ្ពស់យ៉ាងណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ដោយ៖ ភូមិន្ទ