គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១១០​គ្រួសារ ទទួលបាន​អំណោយ​មនុស្សធម៌​

(​កំពង់ឆ្នាំង​)៖ នៅ​​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​បរិបូណ៌ លោកស្រី យ៉ើ អាស៊ី​គីន អនុរដ្ឋលេខាធិការ​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សាន់ យូ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង និង​លោក យិន សារិន អភិបាលស្រុក​បរិបូណ៌ បាន​ចូលរួម អមដំណើរ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ​មណ្ឌល រាជធានី ភ្នំពេញ ក្នុង​កម្ម​វិធីចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន​១១០​គ្រួសារ មកពី​ឃុំ​ពពែ​ល និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី ម៉ាណ ណាវី បាន​ឧបត្ថម​ថវិកា​សរុប ចំនួន ៧២​ម៉ឺន​រៀល ដល់​កងរាជអាវុធហត្ថ សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា ខេត្តកំពង់ឆ្នាំង​។ លោកស្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ដើម្បី​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ ពិសេស ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩(Covid-19 ) កុំឱ្យ​កើតមាន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​។​

​អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១៥​គីឡូក្រាម​, មី កន្លះ​កេះ​, ទឹកត្រី ១​យួរ , ទឹកដោះគោ ២​កំប៉ុង និង​ប្រេងឆា ២​លីត្រ​។ បន្ទាប់ពី​ចប់​កម្ម​ពិធី​ចែក​អំណោយ លោកស្រី​បាន​បន្តដំណើរ​ប្រគល់​អណ្ដូងស្នប់​ធំ​ចំនួន ០២ ទៅដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ និង​ភូមិ​៤ សង្កាត់​ខ្សា​ម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​៕ ដោយ​៖ ភូ​រៈ​