រថយន្តប៉ែនមួយគ្រឿង បើកទៅទាក់ខ្សែភ្លើង បណ្ដាលឲ្យប្រជាពលរដ្ឋមិនមានអគ្គិសនីប្រើប្រាស់ !

(តាកែវ)៖ រថយន្តប៉ែនដឹកដីមួយគ្រឿង របស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Hanshin បើកបរមិនប្រុងប្រយ័ត្ន បើកទៅទាក់បង្គោលខ្សែភ្លើង បណ្តាលឲ្យបាក់រលំ និងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ (ដាច់ភ្លើង) ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាចម្លោះម៉ោង៩យប់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី ឃុំរមៀង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាព SKY NEWS ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រថយន្តប៉ែនដឹកដី របស់ក្រុមហ៊ុនកូរ៉េ Hanshin បានបើកបរលើកំណាត់ផ្លូវលេខ២ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ រថយន្តនេះមកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលបង្គាលខ្សែភ្លើងបានបាក់រលំអស់ ៣ដើម និង១ដើមទៀតទ្រេតជិតដល់ដី ។

ប្រភពបានបន្ថែមថា រថយន្តរបស់ក្រុមហ៊ុន Hanshin នេះ មិនទម្លាក់ប៉ែន ដោយបើកប៉ែនឡើងទៅលើ ទើបបណ្តាលទៅប៉ះខ្សែភ្លើងកាត់ទទឹងផ្លូវ រួចក៏បង្កឲ្យបាក់រលំយ៉ាងដូច្នេះ ។ ប្រភពបានបង្ហើបថា រថយន្តបង្កហេតុខាងលើអត់មានអត្តសញ្ញាណសំគាល់ (គ្មានស្លាកលេខ) ហើយរថយន្តបើកបរក្នុងស្ថានភាពស្រវឹងទៀតផង។

ប្រភពបញ្ជាក់ថា បន្ទាប់ពីរថយន្តខាងលើបើកទៅទាក់បង្គោលខ្សែភ្លើង គិតពីយប់ថ្ងៃកើតហេតុ មកដល់វេលានេះ ប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ មេត្តាត្រួតពិនិត្យ និងមានវិធានការចំពោះយានយន្តធំៗ ដែលបើកបរលើកំណាត់ផ្លូវ២នេះផង។ ព្រោះរថយន្តធំៗមួយចំនួន បើកបរមិនយកចិត្តទុកដាក់លើផ្លូវសាធារណៈ និងបង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ៕

ដោយ៖ Yuth