រងរបួស​ធ្ងន់​ម្នាក់​ក្នុង​ហេតុការណ៍​រថយន្តបុក​បន្តកន្ទុយ​គ្នា​

(​ព្រះសីហនុ​) ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្សម្នា​ក់បាន​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែ​ង​ស្រុក ស្រែអំបិល ខេត្តកោះកុង បន្ទាប់ពី​ត្រូវ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត ២គ្រឿង និងរ​ម៉ក​មួយគ្រឿង​។​

​យោងតាម​ប្រភព សមត្ថកិច្ច​មូលដ្ឋាន បាន​គូសបញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៣​រសៀល នៅ​ចំណុច​គីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរណ៍​មួយ​កើត​រវាង​រថយន្ត​២​គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង ក្នុងទិសដៅ​ស្របគ្នា​។

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​រវាង​រថយន្ត​ធំ​មួយគ្រឿង​ពណ៌​ត្រួយ​ចេក ម៉ាក​Hyundai ពាក់​ផ្លាក លេខ កំពង់ស្ពឺ 3A 2618 (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2AY 2481 (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) រួច​ជ្រុល​រុញ​បន្ត​ទៅបុក​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង ដែល​នៅ​ពីមុខ​។

​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក wave ពាក់​ផ្លាកលេខ ព្រៃវែង 1M 0011 បើកបរ​ដោយ​ឈ្មោះ ឆន សំ​អូន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រែអំបិល​។​

​ក្រោយ​កើត​អ្នកបើកបរ​រថយន្ត​ទាំងពីរ​គ្រឿង​បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់​។ ចំណែក​វត្ថុតាង​យានយន្ត​ទាំង​៣​គ្រឿង ត្រូវបាន​ផ្នែក​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​ដោះស្រាយ​បន្ត​៕ ដោយ៖ ឈុន គឹមហៃ (​ភូ​រៈ​)​