បុរសវៀតណាមម្នាក់ត្រូវបានកាត់ទោសប្រហារជិវិតពីបទសម្លាប់កូនចុងអាយុទើបតែ៣ឆ្នាំ

(អន្តរជាតិ)៖ ថ្មីៗនេះតុលាការប្រជាជនទីក្រុងហាណូយ បានសម្រេចផ្តន្ទាទោសប្រហារជីវិតបុរសវៀតណាមម្នាក់អាយុ៣៤ឆ្នាំ ពីបទបានសម្លាប់កូនចុងអាយុ៣ឆ្នាំ នៅពេលដែលម្តាយរបស់កុមារនេះក៏កំពុងតែជាប់ក្នុងពន្ធនាគារអស់មួយជីវិតដែរ ពីបទប្រព្រឹត្តអំពើឧក្រឹដ្ឋដូចគ្នា។

កុមាររងគ្រោះជាកូនរបស់អ្នកស្រីង្វៀន ធីឡានអាញ់អាយុ២៩ឆ្នាំ រស់នៅខេត្តតំបន់ហ្វឿងលៀនវ៉ាដ ស្រុកDong Da ជាមួយប្តីដំបូងរបស់នាង។ បន្ទាប់ពីបានលែងលះគ្នាជាមួយប្តីទីមួយ ឡានអាញ់ ដែលមានផ្ទៃពោះហើយនោះក៏បានមករស់នៅជាមួយម្តាយបង្កើតក្នុងទីក្រុងហាណូយ និងបានសម្រលកូននៅទីនោះកាលពីឆ្នាំ២០១៧។ លុះកូនប្រុសនោះបានអាយុទើបតែ៣ខែ ទើបអ្នកស្រីង្វៀន ធីឡាន បានរៀបការជាមួយបុរសម្នាក់ឈ្មោះង្វៀន មិញទ័ន និងជួលផ្ទះនៅដោយឡែកពីម្តាយរបស់នាង។

អ្នកទាំង២បានឆ្លើយនៅចំពោះមុខតុលាការថា កុមារនេះត្រូវបានពួកគេដាក់ទណ្ឌកម្មដោយសារតែបញ្ហាសួរនាំអំពីការទិញនំម្យ៉ាងធ្វើពីអង្ករហើយបានបង្ខំវាឲ្យលុតជង្គង់ក្នុងអាងទឹកមួយ។ បន្ទាប់មកឪពុកចុងដែលញៀនថ្នាំផងនោះបានវាយតប់ទៅលើក្មេងរងគ្រោះ ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ នៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យក្មេងនេះក៏ស្លាប់ទៅហើយ៕

ប្រែសម្រួល៖ សារឹទ្ធ (Yuth)