អភិបាល​ស្រុក​បន្ទាយស្រី​អះអាង​ថា មាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស នៅ​ក្នុង​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំក្រោយ

(សៀមរាប)​៖ ​លោក ណុប វុ​ធ្ធី អភិបាលស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា ឆ្នាំនេះ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​សហការ​ជាមួយ​ក្រុម​យុវជន ​បាន​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត ក្នុង​គោលបំណង ជួបជុំ​យុវជន និង​មហាជន ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ផ្តល់ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​បន្ថែម​អំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី​សាសនា និង​បន្ត​ថែរក្សា កេរ​មរតក​នេះ​ឱ្យបាន​គង់វង្ស។ បំផុស​គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព ខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ​។ ផ្តល់ឱកាស​ឱ្យ​ពាណិជ្ជករ អាជីវករ ចូលរួម​តាំង​បង្ហាញ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​ក្នុង​តំបន់​។​

លោក​បាន​បន្តថា នៅក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ គឺមាន​កម្មវិធី​ជាច្រើន​ដូចជា កម្មវិធី​សាសនា កម្មវិធី​ល្បែង​ប្រជាប្រិយ កម្មវិធី​សួន​ស្នេហ៍​បន្ទាយស្រី ដែល​ក្រុមការងារ​បាន​យក​ត្រសក់ផ្អែម​ប្រមាណ​៦០០​ផ្លែ​​មក​តុបតែង​បង្ហាញ​ពី​ភាព​សម្បូរ​បែប​ផ្នែក​កសិកម្ម​នៅ​ក្នុង​ស្រុក​បន្ទាយស្រី កម្មវិធី​គង្គា​បន្ទាយស្រី ការបង្ហាញ​ស្ករផែន​យក្ស ដែលមាន​ទម្ងន់​១​តោន ១៩​គីឡូក្រាម ដើម្បី​លើកស្ទួយ​ផលិតផល​ស្ករត្នោត បង្ហាញ​ដល់​សាធារណជន និង​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​ស្រុក​បន្ទាយស្រី ហើយ​ស្ករផែន​នេះ​មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មិនមាន​ជាតិគីមី គឺ​ធម្មជាតិ​សុទ្ធសាធ។

លោក ណុប វុ​ធ្ធី បាន​បញ្ជាក់​ថា នៅក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ គឺមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​២​ម៉ឺន​នាក់​បានមក​ចូលរួម​កម្សាន្ត​សប្បាយរីករាយ​។​ លោក​បន្តថា បន្ទាប់ពី​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំនេះ ទទួលបាន​ជោគជ័យ​ឆ្នាំក្រោយ រដ្ឋបាល​ស្រុក​បន្ទាយស្រី​សហការ​ជាមួយ​ក្រុមយុវជន នឹង​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត​បន្តទៀត ដោយមាន​គម្រោង​ធ្វើ​នំ​បញ្ចុក​យក្ស បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ ព្រោះ​នំ​បញ្ចុក​ជា នំ​ប្រចាំ​តំបន់​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី និង​ជួយ​លើក​អាហារ​ប្រចាំ​តំបន់​មួយ​នេះ​ឱ្យ​កាន់​តែមាន​ភាព​ល្បីល្បាញ ជាមួយគ្នា ក៏​នឹង​មានកម្ម​វិធី​ប្លែកៗ​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​បង្ហាញ​នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​នៅ​ឆ្នាំក្រោយ៕