សម្តេចក្រឡាហោម ស ខេង អរគុណកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង​​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង អំណរគុណ​ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលខិតខំការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ប្រារព្ធពិធីសប្បាយរីករាយ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សម្តេចក្រឡាហោមបានថ្លែងអំណរគុណបែបនេះ តាមរយៈសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ដែលថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ គ.ស២០១៩។

សម្តេចក្រឡាហោម ស ខេង បានសរសេរថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កងកម្លាំង​ប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​ប្រឹងប្រែងចូលរួមយ៉ាង​សកម្ម ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អ​ប្រសើរ នៅក្នុងរយ:ពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ គ.ស២០១៩ កន្លងទៅនេះ​។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បាន​ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងបរិយាកាសសប្បាយ​រីករាយក្រៃលែង​។ ការសម្រេច​បាននូវជោគជ័យបែបនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែក​យ៉ាងសំខាន់ពីប្រជាពលរដ្ឋគ្រប់រូប ក្នុងស្មារតីយល់ដឹងខ្ពស់ ដែលបានបង្ហាញពីភាពសុខដុមរមនាក្នុងសង្គម ព្រមទាំងកិត្យានុភាពជាតិខ្មែរទាំង​មូល ជាពិសេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ការបាន​ការ​ប្រេីប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យគ្រោះថ្នាក់ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សូមថ្លែងអំណរគុណដល់សាលារាជធានី ខេត្ត ទីប្រជុំជន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស និង​គេហដ្ឋាន ដែលបាន​រៀបចំតុបតែងលម្អ ដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងគ្រឿងសក្ការបូជា ទទួលទេវតាឆ្នាំថ្មី ព្រមទាំងបានតុបតែង​លម្អដោយភ្លើងអគ្គិសនី និងបានចាត់តាំងឲ្យមានការដុតគោម ប្រទីបជ្វាលា ព្រោងព្រាតនាពេលយប់។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់​កង​កម្លាំងប្រដាប់អាវុធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ និង​ប្រជាពលរដ្ឋទាំងអស់ ដែលបានទប់ស្កាត់​ និងប្រាសចាកស្ទេីរតែទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយ ដែលបង្កឲ្យខូចខាត អន្តរាយ​ទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនផ្ទាល់​ ដូចជាអំពើ​ហិង្សា ការភ្នាល់ និងល្បែងស៊ីសងគ្រប់ប្រភេទ។

ម្យ៉ាងទៀតបានចាត់តាំងឲ្យមានការសម្តែងសិល្បៈនៅតាមទីសាធារណៈ និងបំផុសឲ្យប្រជាជនចូលរួមលេង​ល្បែងប្រជាប្រិយខ្មែរ បានយ៉ាងផុសផុល ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ការរាំ​កម្សាន្តនៅតាមរមនីយដ្ឋានប្រវត្តិសាស្ត្រនានា វត្តអារាម ទីប្រជុំជនទៅតាមទម្លាប់នៃតំបន់នីមួយៗ ដែលមានការ​ចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ៥លាននាក់ ដែលការណ៍នេះបានបង្ហាញ​ពីវប្បធម៌ និងការ​អប់រំដល់​យុវជនជំនាន់ក្រោយឲ្យបានដឹង និងយល់ច្បាស់ ហើយបន្តថែរក្សាឲ្យបានគង់វង្ស។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរចំពោះកងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមទទួលបាននូវជោគ​ជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចបម្រេីជាតិ​ និង​សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានការ​រស់នៅដោយសុខ​ក្សេមក្សាន្ត​ ក្នុងសង្គមអភិវឌ្ឃន៍តរៀងទៅ៕