មេបញ្ជាការដ្ឋាន ឥណ្ឌា-ប៉ាស៊ីហ្វិក ទស្សនកិច្ចវៀតណាម ជាមួយនឹងទស្សនកិច្ច នាវាផ្ទុកយន្ដហោះ និងកងនាវាចរ នៅខែកញ្ញា

(បរទេស)៖ នៅថ្ងៃទី១៧ ខែមេសា លោកឧត្តមនាវីឯក ដេវីដសុន មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌា – ប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចខេត្តខាញ់ហ័រ ប្រទេសវៀតណាម ដែលនៅទីនោះលោក បានបង្ហាញបំណងរបស់លោក ក្នុងការឃើញនាវាដឹកយន្តហោះ និងកងនាវាចរអាម៉េរិក ធ្វើទស្សនកិច្ចខាញ់ហ័រ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ។

កាសែតវៀតណាម បានដកស្រង់សម្តីរបស់ដេវីតសុនថា “យើងសង្ឃឹមថានាវាផ្ទុកយន្តហោះ និងកងនាវាចរអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅខាញ់ហ័រ នៅក្នុងខែកញ្ញា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី” ។

ក្នុងខែមីនា ឆ្នាំ២០១៨ នាវាដឹកយន្តហោះ USS Carl Vinson និងនាវាចម្បាំងពីរគ្រឿង និងកងនាវាចរអាម៉េរិក បានចតនៅខេត្ដដាណាង ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃផងដែរ។

នាវា USN Mercy ក៏បានចូលចតនៅកំពង់ផែញ៉ាត្រេង ខេត្តខាញ់ហ្វ័រ នៅខែឧសភា ឆ្នាំ២០១៨ និងមុននោះនាវា USNS Fall River បានចុះចតនៅ Cam Ranh ក្នុងខែឧសភា ឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៦ នាវាពិឃាត USS John S. McCain និងនាវា USS Frank Cable នាវាដឹកទំនិញមួយគ្រឿងទៀត បានមកដល់ Cam Ranh ក្នុងកំឡុងពេលកម្មវិធីផ្លាស់ប្តូរកងនាវាចរអាម៉េរិក-វៀតណាម។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម បានប្រកាសកាលពី ថ្ងៃទី១៧ ខែមេសា ថាវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកឧត្តមនាវីឯក ដេវីដសុន ជាមេបញ្ជាការបញ្ជាការឥណ្ឌា និងប៉ាស៊ីហ្វិក។

កាលពីថ្ងៃទី១៦ ខែមេសា នៅទីក្រុងហាណូយ ឧត្តមនាវីឯកលោក Davidson បានជួបជាមួយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារជាតិវៀតណាម និងឧត្តមសេនីយ៍ Phan Van Giang នាយឧត្តមសេនីយ៍នៃកងទ័ពប្រជាជនវៀតណាម។

កាសែត Ngo Xuan Lich បានសង្កត់ធ្ងន់ថា: “ភាពជាដៃគូទូលំទូលាយវៀតណាម – អាម៉េរិក និងកិច្ចសហប្រតិបត្តិការការពារប្រទេសរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងល្អ ដែលបានឆ្លុះបញ្ចាំងពីវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរសហប្រតិបត្តិការ ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ ចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងយកឈ្នះលើផលវិបាកនៃសង្គ្រាមផ្សេងៗ” ។

ឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានសង្កត់ធ្ងន់ទៅលើដំណើរ ទស្សនកិច្ចរបស់ឧត្តមនាវីឯក Philip Davidson ក្នុងបរិបទនៃភាពជាដៃគូរវាងអាមេរិក និងវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ ដែលកំពុងតែអភិវឌ្ឍន៍យ៉ាងល្អ។

លោកឧត្តមនាវី Philip Davidson បានកត់សម្គាល់ថានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសវៀតណាម ហើយលោកបានសម្តែងនូវជំនឿថា ទំនាក់ទំនងយោធាទ្វេភាគីនឹងកើនឡើង ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងលើកកម្ពស់ទំនាក់ ទំនងយោធាទ្វេភាគី នាពេលអនាគតផងដែរ៕