ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ទាំងព្រឹក បន្ទាបពីសំណង់អនាធិបតេយ្យត្រូវបានរុះរើ

ព្រះសីហនុ៖ ករណីតវ៉ាបិទផ្លូវមួយ នៅលើផ្លូវជាតិលេខ៤ ទាំងព្រឹក ស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យមួយចំនួន ដែលប្រជាពលរដ្ឋមួយចំនួនបានសាងសង់នៅលើដីមានម្ចាស់។

សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែប្រជាពលរដ្ឋប្រមាណ៤០ ទៅ៥០នាក់ ដែលបានទៅចាប់ដីនៅលើដីមានម្ចាស់នេះ បាននាំគ្នាតវ៉ាកាប់ដើមឈើយកទៅបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យមានការកកស្ទះអស់មួយស្របក់ធំ។

អាជ្ញាធរបានចុះសម្របមស្រួល ហើយពន្យល់ដល់ប្រជាពលរដ្ឋ ដែលបានចាញ់បោកមេខ្យល់ឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់ ដោយទៅកាន់កាប់លើដីមានម្ចាស់រួចហើយ។ ក្រោយពីសម្របសម្រួលនេះ ប្រជាពលរដ្ឋទាំងនោះក៏បានដកថយ ហើយសមត្ថកិច្ចក៏បានយកឈើដែលពលរដ្ឋដាក់ឃាំងបិទផ្លូវនោះចេញ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់ធម្មតាឡើងវិញ។

ករណីនេះមិនមានការប៉ះទង្គិចគ្នានោះឡើយ ដោយសារតែប្រជាពលរដ្ឋ បានទទួលយកនូវអ្វីដែលជាការពន្យល់ផ្នែកច្បាប់របស់អាជ្ញាធរ និងសមត្ថកិច្ច ប៉ុន្តែករណីបានធ្វើឱ្យកកស្ទះដល់ដំណើររបស់ប្រជាពលរដ្ឋ ដែលចេញពីការកម្សាន្តនៅខេត្តមាត់សមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មួយសន្ទុះធំផងដែរ៕