ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ទទួល​បាន​ចំណូល​ជាង ៣​លាន​ដុល្លារ

(ព្រៃវែង)៖ លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំនួន​ភ្ញៀវជាតិ និង​អន្តរជាតិ ដែលមក​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំនេះ ពោលគឺ​​មាន​ចំនួន​ភ្ញៀវ ៣១៩ ២០០​នាក់ (ជិត ៣២ម៉ឺន​នាក់) ដែល​ចូលមក​ទស្សនា​ ធ្វើឱ្យ​ទឹកប្រាក់​ចំនួន​ប្រមាណ​ជាង ៣លាន​ដុល្លារ ចាក់ចូល​ក្នុង​សេដ្ឋកិច្ច​ខេត្ត​ព្រៃវែង។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ឱ្យដឹងថា ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង បាន​ទទួល​ប្រាក់​ចំណូល​ប្រមាណ​ជាង ៣,១៩​លាន​ដុល្លារ​នេះ តាមរយៈ​ការ​ប្រកប​អាជីវកម្ម​ដូចជា សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន សេវាកម្ម គ្រឿង​ឧបភោគ​បរិភាគ ផលិតផល​ប្រើប្រាស់ និង​ផលិត​ផល​អនុស្សាវរីយ៍​ផ្សេងៗ។

​លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ២០១៩ បាន​ថ្លែង​ថា ក្រុម​ការងារ​របស់​លោក និង​រដ្ឋបាល​ខេត្តព្រៃវែង​ កំពុង​ពិចារណា​លើការ​រៀបចំ​សង្ក្រាន្ត​នៅឆ្នាំក្រោយ។ គិតមក​ដល់​ពេល​នេះ ក្រុម​ការងារ​មួយ​ចំនួន​នៅទីនេះ​ បាន​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ចំនួន ៧​លើក​រួច​មកហើយ ដោយ​បី​លើក​នៅ​ខេត្ត​សៀមរាប។

ជាមួយគ្នា​នេះ លោក ស សុខា បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ​ប្រតិបត្តិ​គណៈ​កម្មការ និង​អនុគណៈកម្មការ​ទាំងអស់ កង​កម្លាំង​ទាំង ៣​ប្រភេទ មន្ត្រី​សុខា​ភិបាល សិល្បករ​សិល្បការិនី យុវជន​ស្ម័គ្រចិត្ត ជាពិសេស​រដ្ឋបាល​ខេត្ត ដែលដឹកនាំ​ដោយ​លោក ជា សុមេធី ហើយកាន់​តែពិសេស ក្រុម​ការងារ​បរិស្ថាន ដែលបាន​រួបរួមគ្នា​ប្រឹង​អស់​កម្លាំង​កាយចិត្ត បំពេញ​ការងារ​តាម​ផ្នែក​រៀងៗ​ខ្លួន មិន​ខ្លាច​នឿយហត់ ហាលក្តៅ ហាលខ្យល់ អត់ងងុយ ដោយ​ស្មោះ​អស់​ពីចិត្ត ប្រកប​ដោយ​មនសិការ​ទទួល​ខុសត្រូវ និង​ម្ចាស់ការ។
ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​ដែលមាន​រយៈពេល ៣ថ្ងៃ​នៅឆ្នាំ​នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការលេងល្បែង​ប្រជាប្រិយ ការ​សម្ដែងក្បាច់​គុន​ល្បុក្តតោ ប្រដាល់​គុនខ្មែរ តំបន់​ត្រជាក់​ចិត្ត ការប្រឡង​ប្រុសស្អាត​ស្រីស្អាត ការ​ប្រលង​ចម្រៀង ការ​ប្រលង​បវរ​ស្ដ្រី​វ័យ​ចំណាស់ ការតាំង​ពិព័រណ៍​ស្ដង់ ស.ស.យ.ក ទាំង​១៣ស្រុក/ក្រុង ស្ដង់​ពិពរណ៌​ផលិតផល​ជាតិ និង​អន្តរជាតិ និងជា​ពិសេស​ការដង្ហែក្បួន​សង្ក្រាន្​តព្រៃវែង។

គួរបញ្ជាក់​ផងដែរ​ថា នេះជា​លើកទីបួន​ហើយ​ដែល​ខេត្ត​ព្រៃវែង បាន​រៀបចំ​សង្ក្រាន្ត ដោយពីរ​លើក​ធ្វើនៅ​តាម​បណ្ដា​ស្រុក និងពីរ​លើកចុង​ក្រោយ​នេះ ធ្វើនៅ​ទីរួមខេត្ត​ព្រៃវែង​ផ្ទាល់​តែម្ដង៕