អ្នកទោសជាង ៩ពាន់នាក់​ នៅមីយ៉ាន់ម៉ា ត្រូវបានដោះលែង សម្រាប់បុណ្យចូលឆ្នាំមីយ៉ាន់ម៉ា

បរទេស៖ មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នកទោស​ជាង​៩.០០០​នាក់​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ​១៧​មេសា បន្ទាប់​ពី​ប្រធានាធិបតី​បាន​ប្រកាស​លើកលែង​ទោស​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​ចូលឆ្នាំ​ប្រពៃណី​។​

​ប្រធានាធិបតី លោក​វីន ម្យី​ន​(Win Myint) បាន​និយាយថា​ អ្នកទោស​ចំនួន​៩.៣៥៣​នាក់ ដោយ​រួមទាំង​ជនបរទេស​១៦​នាក់ ត្រូវបាន​លើកលែង​ទោស ដើម្បី​ជា​កាយវិការ​នៃ​​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​មី​យ៉ាន់​ម៉ា​សម្រាប់​សន្តិភាព​និង​ការសប្បាយ​រីករាយ​នៃ​ប្រជាជន និង​ការយកចិត្តទុកដាក់​លើ​បញ្ហា​មនុស្សធម៌​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​ក្រុម​អាជ្ញាធរ​បាន​បន្ត​ពិនិត្យ​មើល​អ្នក​ទោស​ដែល​នៅ​សេសសល់ “​ដែល​គួរតែ​នឹង​ត្រូវបាន​លើកលែង​ទោស​” ។​

​ការដោះលែង​ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​នេះ​ ត្រូវបាន​បញ្ជា​ជា​ធម្មតា​ដើម្បី​ជា​ការ​ប្រារព្ធ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​នេះ​។​

​មន្ត្រី​សិទិ្ធ​មនុស្សមី​យ៉ាន់​ម៉ា​ម្នាក់​បាន​និយាយ​ថា​ ពន្ធ​នា​គារ​ជា​ច្រើន​បានចាប់ផ្តើម​ដោះលែង​អ្នកទោស​ច្រើន​នាក់​កាលពី​ពេល​ព្រឹក​ថ្ងៃ​ពុធ ជាមួយនឹង​អ្នកទោសនយោបាយ​២​នាក់​ក្នុងចំណោម​ពួកគេ​។​

​ទោះជា​យ៉ាងណា​ អ្នកយក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​២​នាក់​ដែល​ត្រូវបាន​ចាប់​ដាក់គុក​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​នោះ មិន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​​បាន​លើកលែង​ទោស​ទាំងនោះ​ទេ​។ នេះ​បើ​យោង​តាម​មន្ត្រី​ពន្ធនាគារ​ជាន់ខ្ពស់​នៅ​ពន្ធនាគារ Insein នៅ​ជាយក្រុង​យ៉ាងហ្គោន​៕