ករណីថ្មី! ធ្លាប់តែមានចោរលួចម៉ូតូឡាន ឆក់ប្លន់ តែចោរនេះវិញលួចគ្រឿងសង្ហារឹម

សៀមរាប៖ មានករណីថ្មីមួយបានកើតឡើងនៅខេត្តសៀមរាប ដោយសារតែកន្លងមកប្រិយមិត្តធ្លាប់តែបានឃើញគេចុះផ្សាយរឿងចោរលួចឡានម៉ូតូ ឆក់ប្លន់តាមផ្លូវ តែពេលនេះមានជនសង្ស័យពីរនាក់ បាននាំគ្នាដើរលួចគ្រឿងសង្ហារឹមតាមផ្ទះប្រជាពលរដ្ឋនៅពេលយប់ជ្រៅ ។

តែទោះជាយ៉ាងណាក្តីជនសង្ស័យទាំងពីរនៅតែមិនអាចគេចពីភ្នែកសមត្ថកិច្ចបាន។ ក្រោមពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈិញ ឈួង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅក្នុងបរិវេណបុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ពីករណីបាត់គ្រឿងសង្ហារឹម កាលពីវេលាម៉ោង០២:២២នាទីទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ ។

សមត្ថកិច្ចបើកការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរ ដែលមានឈ្មោះ ទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ២៩ ឆ្នាំស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងម្នាក់ទៀតមានឈ្មោះ ឃន សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ(ទីលំនៅមិនពិតប្រាកដ) ។

សមត្ថកិច្ចបានអោយដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ក្រោយពីមន្ត្រីជំនាញសាកសួរ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហារឹម របស់ជនរងគ្រោះពិតមែន។ ហើយរាល់គ្រឿងសង្ហារឹមដែលពួកគេលួចបាន គឺយកទៅលក់អោយឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ ដែលជាម្ចាស់សិប្បកម្មកែឆ្នៃឈើ ៕