ឥណ្ឌាសម្រេចផ្អាកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប៉ាគីស្ថាន នៅឯតំបន់ជម្លោះកាស្មៀរ

បរទេស៖ នាថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរឥណ្ឌា បានចេញសេចក្តីប្រកាសឲ្យដឹងអំពី ការរៀបចំផ្អាកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន នៅឯតំបន់កាស្មៀរដែលមានបញ្ហាវិវាទជាមួយប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។

បើយោងទៅតាមសេចក្តីប្រកាសខាងលើ រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែក្រុមមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន បានប្រើប្រាស់ច្រកធ្វើពាណិជ្ជកម្មនៅតំបន់ការស្មៀរ ដើម្បីរត់ពន្ធគ្រឿងញៀន អាវុធ និងលុយកខ្វក់។ ហេតុដូចនេះ សកម្មភាពធ្វើពាណិជ្ជកម្មនានាកំពុងត្រូវចាត់ចែងផ្អាក ដើម្បីរង់ចាំការដាក់ចេញនូវប្រព័ន្ធត្រួតពិនិត្យ ដែលតឹងរ៉ឹងជាងមុន។ កាលពីដើមខែមេសានេះ ប្រភពពីក្រសួងការបរទេសឥណ្ឌា ក៏ធ្លាប់បានបង្ហើបឲ្យដឹងដែរថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងម៉ឹងម៉ាត់ ចំពោះទង្វើបង្កហេតុនានាធ្វើឡើងដោយប៉ាគីស្ថាន នៅតំបន់កាស្មៀរ។

គួរជម្រាបថា ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន បានធ្លាក់ចុះដុនដាបជាខ្លាំងកាលពីប៉ុន្មានខែកន្លងទៅនេះ ចាប់តាំងតែពីមាន ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ការស្មៀរ ដែលបានសម្លាប់ទាហានឥណ្ឌាជាង៤០នាក់ ខណៈក្រុមភេរវករ Jaish-e-Mohammed ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ។ ជុំវិញរឿងហេតុអាក្រក់នេះ ឥណ្ឌាបានចោទប៉ាគីស្ថានថាបានផ្តល់ការគាំទ្រដល់ក្រុមភេរវករនេះ ខណៈប៉ាគីស្ថានបដិសេធយ៉ាងដាច់អហង្ការ។ បញ្ហានេះក៏បាននាំឲ្យឈានទៅដល់ការកើនឡើង នៃភាពតានរវាងប្រទេសជិតខាងទាំងពីរ ព្រមទាំងការទម្លាក់គ្រាប់បែកក៏ដូចជាប្រយុទ្ធគ្នាលើផ្ទៃអាកាសដ៏កក្រើក៕