នគរបាលខេត្តកំពង់ចាម ចាប់ខ្លួនស្ត្រីម្នាក់ ដែលជាជនដៃដល់ជះទឹកអាសុីតទៅលើប្ដី បណ្ដាលឲ្យស្លាប់នៅស្រុកព្រៃឈរ

(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ករណីជះទឹកអាស៊ីត ដែលបានកើតឡើងនៅចំណុចភូមិអូជ្រូក ឃុំក្រូច ស្រុកព្រៃឈរ ស្ដ្រីជនដៃដល់ម្នាក់ជាប្រពន្ធរបស់ជនរងគ្រោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃឈរ សហការជាមួយជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងផែនព្រហ្មទណ្ឌ។

លោកស្នងការបញ្ជាក់ថា ស្ដ្រីជនដៃដល់ឈ្មោះ ពិន ជា អាយុ៤៤ឆ្នាំ រស់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា ករណីជះទឹកអាស៊ីតនេះ កើតឡើងកាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូជ្រូក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទៅលើបុរសជាប្ដីឈ្មោះ មិន នុន អាយុ៤១ឆ្នាំ កំពុងដេកនៅលើផ្ទះ បណ្តាលស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ មូលហេតុដោយសារខឹងប្តីមានស្រី៕