ក្រសួងសុខាភិបាលប្រកាសបញ្ឈប់អ្នកលក់ផលិតផល​ និងគ្រឿងសម្អាង ​តាមហ្វេសប៊ុក ដែលគ្មានច្បាប់អនុញ្ញាត​

ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងហាមឃាត់គណនីហ្វេសប៊ុកចំនួន៣ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលជាច្រើនមុខ គ្មានច្បាប់អនុញ្ញាត។ បើតាមក្រសួងសុខាភិបាល ផលិតផលដែលកំពុងចែកចាយលក់តាមអនឡាញទាំងនោះ មានដូចជា ផលិតផលសម្រកខ្លាញ់ និងគ្រឿងសម្អាងជាច្រើនមុខ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សេចក្តីជូនដំណឹងហាមឃាត់៣ផ្សេងគ្នា របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសានេះ បានឲ្យដឹងថា គណនីហ្វេសប៊ុកដែលលក់ផលិតផលគ្មានច្បាប់អនុញ្ញាតទាំងនោះ មានដូចជា ឈ្មោះ Beauty Products Origial, ឈ្មោះ ប៊ូ សាអែម និងគណនីហ្វេស​ប៊ុក​ឈ្មោះ Zey Neang។

ក្រសួងបានតម្រូវឲ្យម្ចាស់គណនីខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផល និងគ្រឿងសម្អាងទាំងនេះ បន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនេះ មកវិញដើម្បីកំទេចចោល។ ក្រសួងសុខាភិបាល ក៏បានអះអាងដែរថា ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ចំពោះគណនីហ្វេសប៊ុកទាំងបីខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្តីពី ការគ្រប់គ្រងឱសថជាធរមាន៕