ព្រះសង្ឃគង់នៅវត្តព្រះនាគ ស្រុកអង្គស្នួល ខេត្តកណ្ដាល ពុលភេសជ្ជៈ «​AD» ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយឆាន់បានប៉ុន្មានម៉ោង

(កណ្ដាល)​៖ ព្រះសង្ឃចំនួន០៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងក្មេង០​២នាក់ បានពុលភេសជ្ជៈ «AD» ក្រោយឆាន់ និងហូប មិនបានប៉ុន្មានម៉ោង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចស្រុកអង្គស្នួល បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ព្រះសង្ឃទាំង០៩អង្គ និងក្មេង០២នាក់ បានវិលត្រឡប់ទៅវត្តព្រះនាគ និងផ្ទះវិញអស់ហើយ។

ព្រះចៅអធិការវត្ត ព្រះនាម ឡុច យ៉ាន បានមានសង្ឃដីកាថា ​ដំបូងឡើងមានញោម​ (ឪពុកម្ដាយ)​ របស់ព្រះសង្ឃ ឈ្មោះ ឯម ផល្លា និងប្រពន្ធ​ឈ្មោះគួយ ចិន្តា នៅភូមិកណ្តាល ឃុំឆក់ឈើនាង បានទិញភេជ្ជៈប្រភេទ AD ចំនួន០១យួរស្មើ០៦ដប បន្ទាប់មកព្រះសង្ឃនេនតូចៗ ក៏បានទិញថែមទៀត ពីតូបលក់របស់ឈ្មោះ សែ ធួន ភេទប្រុស អាយុ​៣៥​ឆ្នាំ យកទៅប្រគេនព្រះសង្ឃត្រូវជាកូន​គង់នៅវត្តព្រះនាគ​។​

ក្រោយឆាន់ហើយមិនបានប៉ុន្មានផង ស្រាប់តែ​ព្រះសង្ឃ០១អង្គ មានអការៈវិលមុខ ក្អួតចង្អោរ ហើយញោមលោកក៏ដឹកទៅព្យាបាលនៅពេទ្យឯកជន​ នៅភូមិអង្គចក សង្កាត់កំបូល​។ ប៉ុន្មានម៉ោងក្រោយមក ស្រាប់តែបន្ដមានព្រះសង្ឃចំនួន០៣អង្គ មានអាការៈចុកពោះ វិលមុខ ក្អួតចង្អោរ និង​មានមួយអង្គសន្លប់ បន្ដមកទៀត ក៏មានព្រះសង្ឃចំនួន០៥អង្គទៀត ចាប់ផ្តើមវិលមុខក្អួតចង្អោរ ត្រូវបាន​ចាត់ចែងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល​។

បើតាមព្រះចៅអធិការ មកដល់ម៉ោង១០យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ព្រះសង្ឃដែលពុលភេជ្ជៈ AD បានធូស្បើយជាបណ្តើរៗ ពុំមានរងគ្រោះដល់ជីវិតនោះទេ​ ហើយមកដល់វេលាម៉ោង១០ព្រឹកមិញនេះ ព្រះសង្ឃទាំង០៩អង្គ និង​ក្មេង០២​នាក់ ​បានជាសះស្បើយ ហើយវិលទៅវត្តព្រះនាគ និង​ទៅផ្ទះវិញអស់ហើយ៕