ករណីកាប់សម្លាប់ប្រពន្ធ!!! ​បុរស​ម្នាក់​ស្រវឹងស្រា​និង​ប្រច័ណ្ឌ​ទាញ​ពូថៅ​កាប់​ប្រពន្ធ​ស្លាប់​និង​កូនប្រុស​របួសធ្ងន់

(កំពង់ឆ្នាំង)៖ បុរស​ញៀន​ស្រា​ម្នាក់​បាន​ផឹក​ស្រារហូតបាត់បង់ស្មារតី បាន​ទាញ​ពូថៅ​កាប់​ប្រពន្ធ​បណ្តាលឱ្យ​ស្លាប់​និង​កូនប្រុស​ម្នាក់ទៀត​ដែល​ចូលទៅ​ជួយ​ម្តាយ​រងរបួស​ធ្ងន់ ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ​កាលពី​យប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ។​

​ជនបង្ក​ឈ្មោះតូច ញ៉ន អាយុ ៤១ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បានយកពូថៅ​កាប់​ទៅលើប្រពន្ធ ឈ្មោះ សូរ ធីម អាយុ ៤៦ ឆ្នាំ បណ្ដាលឱ្យ​ស្លាប់ និងកូនប្រុស ឈ្មោះ ញិប សុគុណ អាយុ ៩ ឆ្នាំ រងរបួស​យ៉ាងដំណំ ។ ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារស្រវឹងស្រា និងប្រច័ណ្ឌប្រពន្ធ ។

​ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍អញ្ចាញរូង បានឃាត់ខ្លួនជនសង្ស័យ រួច បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕