Arsenal និង Man Utd ចាញ់​ដូចគ្នា បន្ត​ធ្វើ​ឲ្យ​កៅអី Top-4 ស្វិតស្វាញ​ខ្លាំង​ឡើងនៅ Premier League

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United សុទ្ធតែខកខានរកបាន ៣ពិន្ទុដូចគ្នាក្នុងសប្តាហ៍ទី៣៤ ជើងទី២ នៃ Premier League បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace និង Everton។

ការមិនអាចរកពិន្ទុបន្ថែមបាននេះដែរ មិនបានធ្វើឲ្យក្រុមទាំងពីរប្រែប្រួលចំណាត់ថ្នាក់នោះឡើយ ពោលគឺ Arsenal បន្តឈរនៅលេខរៀងទី៤ ខណៈ Man Utd ឈរនៅលរខរៀងទី៦ ដដែល ខណៈនៅសល់ ៤ប្រកួតទៀតនឹងបិទរដូវ កាល Premier League ឆ្នាំ២០១៨-២០១៩នេះ។

ក្រុមរបស់លោក Unai Emery បានបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace ក្នុងលទ្ធផល ៣-២ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងខណៈដែលពួកគេត្រូវការឈ្នះដើម្បីឡើងទៅឈរនៅលេខ៣ វិញពីលើក្រុម Tottenham Hotspur ដែលបានចាញ់ Manchester City ១-០ កាលពីរាត្រីថ្ងៃសៅរ៍នោះ។ កីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil និងខ្សែប្រយុទ្ធ Aubameyang សុទ្ធតែបានម្នាក់ ១គ្រាប់ឲ្យកាំភ្លើងធំ ដែលជាគ្រាប់បាល់វាយនៅពេលដែល Christian Benteke, Wilfried Zaha និង James McArthur រួចចំណែកឲ្យ Crystal រកបាន ៣ពិន្ទុនៅកីឡដ្ឋាន Emriates។

ចំណែកឯកក្រុមរបស់លោក Ole វិញ បានបរាជ័យស្ពឹកមុខក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Everton រហូតដល់ទៅ ៤-០ គិតចាប់តាំងពីបានចាញ់ FC Barcelona ៣-០ ជ្រុះចេញពី UEFA Champions League កាលសប្តាហ៍មុន ដែលធ្វើឲ្យក្រុមបិសាចក្រហមមួយនេះ អាចខកខានកៅអីលេង Champions រដូវកាលក្រោយ ប្រសិនបើមិនជាប់ Top-4 ទេនោះសម្រាប់ ៤ប្រកួតដែលនៅសល់៕