ម៉ាឡេស៊ី នឹង​ចាប់​ផ្តើម​ឡើង​វិញ​គម្រោង​ផ្លូវ​ដែក​តម្លៃ ​$៣៤ ​ពាន់​លាន

(ក្រុង​គូឡាឡាំពួ)៖ លោក​នាយក​រដ្ឋមន្ដ្រី​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​សុក្រ​ បាន​ឲ្យ​ដឹង​ថា ប្រទេស ​ម៉ាឡេស៊ី ​នឹង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ការ​ដឹក​ជញ្ជូន និង​អចលនទ្រព្យ​ដែល​គាំទ្រ​​ដោយ​ប្រទេស ​ចិន​ ក្នុង​តម្លៃ ៣៤ ​ពាន់​លាន​ដុល្លារ ​ដែល​ត្រូវ​បាន​ទុក​ចោល​កាល​ពី​ឆ្នាំ ​២០១៧។

សេចក្ដី​ប្រកាស​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដា​ប្រទេស​នានា​ក្នុង​ខែ​នេះ ​បាន​យល់ព្រម​ចាប់​ផ្ដើម​ការងារ​ជា​ថ្មី​ឡើង​វិញ​លើ​គម្រោង​ផ្លូវ​ដែក​ដែល​បាន​ផ្អាក​ក្នុង​ប្រទេស ​ម៉ាឡេស៊ី ​​កន្លង​មក​។ នេះ​ក៏​​ជា​សញ្ញា​ចុង​ក្រោយ​បំផុត​នៃ​ការ​កែ​លម្អ​ទំនាក់​ទំនង​ បន្ទាប់​ពី​រយៈពេល​មិន​​​ច្បាស់លាស់​មួយ​ផង​ដែរ។

ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋមន្ដ្រី Mahathir Mohamad បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​អភិវឌ្ឍ Bandar Malaysia ដែល​មាន​​តម្លៃ ៣៤ ​ពាន់​លាន​ដុល្លារ​ នៅ​ទីក្រុង​គូឡាឡាំពួ ត្រូវ​រំពឹង​ថា នឹង​ទាក់ទាញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ជា​ច្រើន ហើយ​វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់​​ប្តូរ​មួយ​សម្រាប់​ខ្សែ​ផ្លូវ​ដែក​ជា​ច្រើន​ទៀត​។ គម្រោង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ជំរុញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពិភព​លោក​របស់​ទីក្រុង​ប៉េកាំង​ទៀត​ផង​។

សេចក្ដី​ប្រកាស​ព័ត៌​មាន​នេះ​ឲ្យ​ដឹង​ថា មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ចំពោះ​ផែនការ​ដើម ដែល​រួម​មាន​លំនៅឋាន​តម្លៃ​ទាប​ ​១០ ​០០០ ​យូនីត និង​គម្រោង​​ «​ឧទ្យាន​របស់​ប្រជាជន​»។​

គម្រោង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ឆ្នាំ ​២០១១ ក្រោម​រដ្ឋាភិបាល​របស់​អតីត​លោក​នាយក​រដ្ឋមន្ត្រី​ ណាជីព រ៉ាហ្សាក់ ប៉ុន្តែ​​ត្រូវ​បាន​គេ​បោះបង់​ចោល​កាល​ពី​ឆ្នាំ ​២០១៧ នៅ​ក្នុង​អំឡុង​រដ្ឋបាល​របស់​លោក ដោយសារ​តែ​មាន​ជម្លោះ​អំពី​ការ​ទូទាត់។

លោក ណាជីព ​បាន​បាត់បង់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ដ្រ​កាល​ពី​ឆ្នាំ​មុន ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​ត្រូវ​បាន​​គេ​ចោទ​ប្រកាន់​លើ​តួនាទី​របស់​លោក ​ក្នុង​​ការ​លួច​យក​មូលនិធិ​រដ្ឋ​។

គម្រោង Bandar Malaysia ត្រូវ​បាន​គាំទ្រ​ដំបូង​ដោយ​មូលនិធិ​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​រឿង​អាស្រូវ ប៉ុន្តែ​ភាគហ៊ុន​ភាគ​ច្រើន​ក្រោយ​​មក​ត្រូវ​បាន​គេ​លក់​ឲ្យ​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​របស់​ប្រទេស ​ម៉ាឡេស៊ី និង​​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ China Railway Engineering Corp​។

គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​ជា​មួយ​នឹង​ក្រុមហ៊ុន​ម៉ៅការ​ដូច​គ្នា​ ដែល​គ្រប់គ្រង​ភាគហ៊ុន ​៦០ ​ភាគរយ​ ខណៈ​រដ្ឋាភិបាល​ម៉ាឡេស៊ី​​គ្រប់គ្រង​ភាគហ៊ុន​ដែល​នៅ​សល់​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ទៀត​ថា គម្រោង Bandar Malaysia និង​ការ​តភ្ជាប់​ផ្លូវ​ដែក​ដែល​ធ្វើ​ឲ្យ​រស់​ឡើង​វិញ ​នឹង​ដំណើរការ​ចាប់​ពី​ភាគ​ខាង​កើត​ ដល់​ឆ្នេរ​ខាង​លិច​របស់​ប្រទេស ​ម៉ាឡេស៊ី «​គួរតែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​​ក្នុង​បរិបទ​កាន់​តែ​ធំ​នៃ​ការ​ជំរុញ និង​ការ​ភ្ជាប់​ទំនាក់​ទំនង​ទ្វេភាគី​រយៈពេល​វែង​រវាង​ប្រទេស​ ម៉ាឡេស៊ី និង​ចិន»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​​​​បន្ថែម​​ទៀត​ថា​៖ «​គម្រោង​នេះ​នឹង​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ដល់​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ដែល​ប្រទេស ​ម៉ាឡេស៊ី រំពឹង​ថា នឹង​អាច​ប្រើប្រាស់​ឡើង​វិញ​​បាន​»។​

លោក Mahathir គ្រោង​នឹង​ចូលរួម​​ជាមួយ​មេដឹក​នាំ​ពិភព​លោក​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​ផ្ដោត​​លើ​ការ​ជំរុញ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង នៅ​ក្នុង​ប្រទេស ​ចិន ​នា​សប្ដាហ៍​ក្រោយ​។

គម្រោង​ដែល​មាន​តម្លៃ​រហូត​ ​១ ​ពាន់​​ពាន់​លាន​ដុល្លារ​នេះ​ រួម​មាន​គម្រោង​ផ្លូវ​សមុទ្រ ផ្លូវ​ដែក និង​ផ្លូវ​ថ្នល់​នៅ​អាស៊ី អាហ្រ្វិក និងអឺរ៉ុប។​

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​មាន​​​ភាព​តានតឹង​ចាប់​តាំង​ពី​លោក ណាជីប ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ទីក្រុង​ប៉េកាំង បាន​បាត់បង់​អំណាច ហើយ​លោក Mahathir បាន​ផ្អាក​គម្រោង​ដែល​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​​ប្រទេស ​ចិន ​ជា​បន្តបន្ទាប់​ ដោយសារ​​ការ​បារម្ភ​លក្ខខណ្ឌ​មិន​យុត្តិធម៌​ចំពោះ​ប្រទេស​ ម៉ាឡេស៊ី៕