រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកទុក្ខ ជូនគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុងការវាយប្រហារ ដោយគ្រាប់បែក នៅស្រីលង្កា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះរដ្ឋាភិបាលស្រីលង្ការ និងគ្រួសារជនរងគ្រោះ ដែលទទួលរងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក ក្នុងពេលដែលប្រជាជនកំពុងជួបជុំគ្នា ប្រារព្ធពិធីបុណ្យអ៊ីស្ទ្រីន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។

កាលពីថ្ងៃទី២១ មេសា សារព័ត៌មាន Sputnik បានចុះផ្សាយថា វិហារកាតូលិកចំនួន៣ កន្លែង និងសណ្ឋាគារចំនួន ៣កន្លែងទៀត នៅប្រទេសស្រីលង្កា ត្រូវបានវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ក្នុងអំឡុងពេលបុណ្យអ៊ីស្ទ្រីន បណ្ដាលឲ្យមនុស្សជាង ២០០នាក់ស្លាប់ និងជាង ៤០០នាក់ផ្សេងទៀតរងរបួស ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ មេសា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី២២ មេសា បានឲ្យដឹងថា “រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវសមានទុក្ខ ដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់បែកដ៏គួរឲ្យស្អប់ខ្ពើម នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩” ។

សេចក្ដីថ្លែងការណ៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើហឹង្សាដ៏ សាហាវឃោឃៅនេះ ហើយ
ទង្វើបង្កឲ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឲ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់អោនឲ្យជាដាច់ខាត។ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានជំហរសាមគ្គីភាព ជាមួយរដ្ឋាភិបាល និងប្រជាជនស្រីលង្កា នៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឲ្យ អ្នករងរបួសទាំងអស់ បានជាសះស្បើយ ឆាប់រហ័សឡើងវិញ ៕