នាយករដ្ឋមន្រ្តីកម្ពុជា ស្នើនាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិចំនួន៤កន្លែងទៀត ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី មុននឹងធ្វើជាអធិបតីភាពរួមគ្នាក្នុងកម្មវិធីមួយចំនួននៅក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីបើកច្រកអន្តរជាតិកម្ពុជា-ថៃចំនួន៤កន្លែងបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ មុនពិធីចាប់ផ្តើម ខ្ញុំបានចរចាជាមួយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ខ្ញុំបានស្នើបើក​នូវច្រក៤កន្លែងផ្សេងទៀត ដែលរួមមានច្រកអានសេះ រវាងខេត្តព្រះវិហារជាមួយនឹងខេត្តអូ៊ប៊ុន ច្រកជប់គគី ខេត្តឧត្តរមានជ័យទល់ខេត្តបុរីរ៉ាំ ច្រកភ្នំដី និងមួយទៀត ច្រកថ្មដា»

ច្រកព្រំដែន​កម្ពុជា​-ថៃ​ ចំនួន៤​នេះ កំពុងស្ថិតនៅជាច្រករបៀងនៅឡើយទេ ក្នុងនោះច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​របស់ថៃ។ ច្រក​អានសេះ ក្នុង​ខេត្តព្រះវិហារ​ កម្ពុជា​ទល់នឹងច្រក​អាន​ម៉ា ខេត្ត​អ៊ូបុន ប្រទេស​ថៃ។ ច្រក​ជប់​គគី ក្នុង​ខេត្តឧត្តរមានជ័យកម្ពុជា​ ទល់នឹង​ច្រកសាយតាគូ​ ខេត្ត​បូ​រី​រ៉ាំ ប្រទេសថៃ និង​ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​បានថា​សេន ក្នុង​ខេត្ត​ត្រាត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកបន្ថែមទាំងនេះ នឹងជួយសម្រួលពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលការឆ្លើយតបជាវិជ្ជមាន សម្រាប់ការបើកច្រកទាំងនេះពីភាគីថៃ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ យើងក៏ទទួលបានការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំជូនដល់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ»