អភិបាល ខេត្តកំពង់ចាម នឹងរៀបចំ ចលនាប្រឡង ប្រណាំង ឲ្យប្រជាពលរដ្ឋមានបន្ទប់អនាម័យ គ្រប់ខ្នងផ្ទះ

(កំពង់ចាម)៖  ឆ្លងតាមការជំរឿន ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ដែលមិនទាន់មានបន្ទប់ អនាម័យ ទិន្នន័យត្រូវបាន បង្ហាញថា មានខ្នងផ្ទះប្រជាពលរដ្ឋ ៤៦% ស្មើនិង ១០ម៉ឺនខ្នងផ្ទះ នៅមិនទាន់មាន បន្ទប់អនាម័យប្រើប្រាស់ ។ ទាក់ទងទៅនឹងបញ្ហាសុខ មាលភាពរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តកំពង់ចាម នឹងរៀបចំផែនការ ដាក់ ចេញនូវចលនាប្រឡងប្រណាំង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម មានបន្ទប់អនាម័យ ប្រើប្រាស់គ្រប់ខ្នងផ្ទះផងដែរ ។

ថ្លែងនារសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ ២០១៩ ក្នុងពិធីប្រកាស តែងតាំងលោក យី វណ្ណ: អភិបាលស្រុកកោះសូទិន ជាប្រធានគណៈកម្មាធិការ បក្សប្រជាជនស្រុកកោះសូទិន លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា ការបម្រើសេវាផ្នែកអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមតាមរយ: ចលនាប្រឡងប្រណាំងរបស់អាជ្ញាធរ ឃុំ-សង្កាត់ ដែលយុទ្ធសាស្ត្រមួយនេះបាន ទទួលជោគជ័យរួចមកហើយ ។

ម្លោះហើយ លោកនឹងមានផែនការ ដាក់ ចេញនូវចលនាប្រឡងប្រណាំង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ​ទូទាំងខេត្តកំពង់ចាមមានបន្ទប់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះផងដែរ ។

លោកអភិបាលខេត្តបានថ្លែង ដូច្នេះថា ទាក់ទងទៅនឹងបញ្ហាសុខភាព សាធារណៈលោកយល់ឃើញ​ថាប្រសិន​បើយើងជំរុញឲ្យប្រជាពលរដ្ឋមានបន្ទប់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះនោះ ពោល គឺពេលដែល ពួកគាត់ឈប់បន្ទោរបង់ពាសវាល ពាសកាល នោះអាចជួយគាំពារសុខភាពសាធារណៈបានមួយផ្នែកធំ ដោយសារតែមិនមានមេរោគហូរចូលទៅទន្លេ ឬក៏ឆ្លងតាមប្រការផ្សេងៗទៀតនោះ ។

ដូច្នេះវិធីសាស្រ្តដែលអាចបង្ការទប់ស្កាត់នូវការឆ្លងរាលដាលមេរោគដូច្នេះ មានតែធ្វើយ៉ាងណាឲ្យ ពួកគាត់មានការយល់ដឹងងាកមកប្រើប្រាស់បន្ទប់អនាម័យឲ្យបានគ្រប់គ្នានោះទើបជាការប្រសើរ និងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋយើងរស់នៅបានយឺនយូរ។ ម្យ៉ាងទៀត ការចេញទៅបន្ទោរបង់ពាសវាល ពាសកាល នេះក៏ជាបច្ច័យនាំឲ្យកើតបទល្មើសផ្សេងៗផងដែរ ជា ពិសេសប្រជាពលរដ្ឋនៅតាមជនបទ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី ពិធីប្រកាសតែងតាំងគណៈកម្មាធិការបក្សប្រជាជនស្រុកកោះសុទិន លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលដំណើរការសាងសង់ ជួសជុល វិទ្យាល័យ ជីហែ ផង ដែរ៕