ទោះបីក្តៅខ្លាំង! តែសត្វក្រៀលដ៏កម្រជាច្រើនក្បាល មិនចាកចេញពីតំបន់អន្លង់ព្រីងឡើយ

(ភ្នំពេញ)៖ ដូចជាតំបន់ផ្សេងៗដែរ តំបន់ការពារទេសភាពអន្លង់ព្រីងបានប៉ះពាល់ដោយអាកាសធាតុក្តៅខ្លាំង។ តែទោះជាយ៉ាង​ណា រហូតមកដល់ពេលនេះ សត្វក្រៀលចំនួន៥៥​ក្បាល មានវត្តមាននៅតំបន់ការពារទេសភាពនេះ។

នេះបើតាមការឲ្យដឹងពីអង្គការ​ជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា-BirdLife Cambodia នៅថ្ងៃទី២២ ខែមេសានេះ។ជាការកត់សម្គាល់ ដោយសារតែឆ្នាំនេះរាំងស្ងួតខ្លាំង បានធ្វើឲ្យសត្វក្រៀលហោះចាកចេញទៅកាន់តំបន់ដែលមានប្រភព ទឹក។

​ នៅដើមឆ្នាំ២០១៩នេះ ក្រុមអភិរក្សពិនិត្យឃើញមានសត្វក្រៀល៧២ក្បាល បាន​មក​ដល់តំបន់អន្លង់ព្រីងនេះ ក្នុងនោះ ៣២​ក្បាល បានរកស៊ីក្នុងតំបន់ការពារ។ រីឯ ៤០ក្បាល​ទៀត រកឃើញនៅតំបន់ដែលជាកម្មសិទ្ធិរបស់សហគមន៍។

គួរជម្រាបថា ក្រៀលជាប្រភពសត្វស្លាបម្យ៉ាងដែលមានមាឌធំ និងខ្ពស់ជាងគេក្នុង ចំណោមសត្វស្លាបដែលអាចហើរបាន ហើយវាមានចំនួនមិនច្រើនប៉ុន្មានទេលើពិភពលោកនេះ។ ជាមោទនភាព កម្ពុជាក៏មានវត្តមានសត្វប្រភេទកម្រនេះ៕