ព័ត៌មានលម្អិតនៃកម្មវិធីសំខាន់ៗនៅព្រំដែន៖ នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ប្តេជ្ញាពង្រីកទំនាក់ទំនង និងពាណិជ្ជកម្មកាន់តែខ្លាំងក្លាបន្ថែមទៀត នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ

(កម្ពុជា-ថៃ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ អញ្ជើញជាអធិបតី ជាអធិបតីក្នុងពិធីសំខាន់ៗមួយចំនួនដែល ជាសមិទ្ធផលព្រំដែន នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនខេត្តស្រះកែវ ប្រទេសថៃ។ នៅក្នុងឱកាសនេះនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងពាណិជ្ជកម្មកាន់តែខ្លាំងក្លា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។កម្មវិធីសំខាន់ៗនៅតំបន់ព្រំដែនកម្ពុជា-ថៃ នេះមានដូចជា៖ ១៖ ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២៖ បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

កម្មវិធីទី១៖ ចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

នៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ថាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីកម្ពុជា-ថៃ សំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ ស្ពានថ្មីនេះភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលត្រូវបានកត់ត្រា ក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩ លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ស្ពាននេះជាស្ថានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជា មានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួល ដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែន បោយប៉ែត–អារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និង ទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង។ ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ ប្រជាជនក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្មទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់ សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀង សេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូល មានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ពាននេះនឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូល ចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ។
ចំណែកលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាប្រទេសជិតខាងគ្មានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ។ លោកប្រាយុទ្ធ បានជំរុញឱ្យស្ថាប័នដែលទទួលខុសត្រូវចាប់ផ្តើមដំណើរការសាងសង់ អគាររដ្ឋបាលព្រំដែនទីពីរនៅទីនេះ ឱ្យបានលឿនបំផុត ដោយធ្វើឱ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។
លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ក្នុងកំឡុងពេលដែលការសាងសង់អគាររដ្ឋបាលព្រំដែនខាងភាគីថៃ និងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជាមិនទាន់រួចរាល់ រាជរដ្ឋាភិបាលថៃមានការប្តេជ្ញា នឹងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឱ្យបានលឿន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះ ឱ្យបានចប់សព្វគ្រប់ទាន់ពេលដើម្បីបើកបំរើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងមុខច្រកព្រំដែនខ្លងលឹកបច្ចុប្បន្ន និងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្ឱ្យមានភាពងាយស្រួលជាងមុន។
លោក ប្រាយុទ្ធ ចាន់អូចា ចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ ជាកាដូរដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាំងចិត្តផ្តល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមទាំងសហគមអាស៊ានបានប្រើប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ ទំនាក់ទំនងគ្នានៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាពដែលស្ពាននិងផ្លូវបានចាប់ផ្តើម និងសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់យើងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីថៃ បានអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំក្រោយជាខួបលើកទី៧០ នៃទំនាក់ទំនងខាងការទូតរវាងថៃនិងកម្ពុជា ដែលអាចនឹងចំពេលគ្នាជាមួយនឹងវឌ្ឍនភាពនៃការកសាង និងការបើកច្រកថ្មីនេះ។

កម្មវិធីទី២៖ បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥

បន្ទាប់ពីបញ្ចប់ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។ ចំណែកលោក ប្រាយុទ្ធ ចាន់អូចា បានត្រឡប់ទៅខេត្តស្រះកែវ ដើម្បីត្រៀមទទួលសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ អំពីសារសំខាន់នៃ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់)។ សម្តេចបានចាត់ទុកសមិទ្ធផលនៅលើទឹកដីច្រកស្ទឹងបត់ជាសមិទ្ធផលដើមរដូវ ដែលកើតចេញពីការប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុន។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា វឌ្ឍនភាពតាមព្រំដែន ក៏ដូចជាប្រទេសកម្ពុជាពេលនេះ គឺកើតឡើងដោយសារតែសន្តិភាព។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិ ថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក បើថែទាំងមិនបានទេ ស្ពានក៏ដាច់ ហេដ្ឋារចនាសម្ព័ន្ធក៏អស់ រត់ចោលផ្ទះដូចសម័យរដ្ឋប្រហារ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចំអកឱ្យធ្ងន់ៗទៅទណ្ឌិត សម រង្ស៉ី ដែលឆោតល្ងង់ណាស់អំពាវនាវឱ្យសម្តេចក្រឡាហោម ស ខេង ធ្វើរដ្ឋប្រហារ។ សម្តេចកំពុងរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច តែក៏ព្រមានទៅវិញថា ប៉ុលពត នៅសម្តេចវាយខ្ទេចអស់គ្មានសល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលណាគេវាយតម្លៃយុទ្ធសាស្រ្តរបស់សម្តេចមិនត្រូវ គឺគេចាញ់តែងតែចាញ់រហូត។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគីមុននេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីបើកច្រកអន្តរជាតិកម្ពុជា-ថៃចំនួន៤កន្លែងបន្ថែមទៀត។ ច្រកទាំង៤នោះមានច្រកអានសេះ ច្រកជប់គគី ច្រកភ្នំដី និងច្រកថ្មដា។

ច្រកព្រំដែន កម្ពុជា-ថៃ ចំនួន៤នេះ កំពុងស្ថិតនៅជាច្រករបៀងនៅឡើយទេ ក្នុងនោះច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវរបស់ថៃ។ ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជា ទល់នឹងច្រកអានម៉ា ខេត្តអ៊ូប៊ុន ប្រទេសថៃ។ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យកម្ពុជាទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និង ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកបន្ថែមទាំងនេះ នឹងជួយសម្រួលពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលការឆ្លើយតបជាវិជ្ជមាន សម្រាប់ការបើកច្រកទាំងនេះពីភាគីថៃ។
កម្មវិធីទី៣៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)

ក្រោយបញ្ចប់ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ស្ថានីយក្លងលឹក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ និងផែនការច្បាស់លាស់ នៅក្នុងការអភិវឌ្ឍ និងស្ដារឡើងវិញនូវផ្លូវដែករបស់ខ្លួន។

នៅក្នុងពិធីចុះហត្ថលេខានោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្រ្តីថៃ ព្រមទាំងថ្លែងអំណរគុណដល់ រដ្ឋមន្ដ្រីដឹកជញ្ជូនថៃ និងសហការី ដែលបានជួយជំរុញកិច្ចព្រមព្រៀង រហូតមានការចុះហត្ថលេខានៅថ្ងៃនេះ។ សម្ដេចសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យដឹកជញ្ជូន នឹងបន្ដជោគជ័យនៅអាណត្តិក្រោយៗទៀត។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែននេះ និងការតភ្ជាប់ផ្លូវដែកនៅព្រំដែន សាជាថ្មីក្រោយពីការកាត់ផ្តាច់នៅឆ្នាំ១៩៧៤នេះ ពិតជាំនាំមកនូវកាលានុវត្តភាពសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលមធ្យោបាយដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសការតភ្ជាប់ទៅតំបន់អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សម្រាប់ផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្តាររួចឡើងវិញហើយដែរ។ ថ្វីដ្បិតតែមិនទាន់មានលក្ខណៈស្តង់ដារទំនើប ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍផ្លូវដែក ឱ្យមានការដឹកជញ្ជូនបានទូលំទូលាយ ពិសេសធ្វើឱ្យប្រព័ន្ធផ្លូវដែកកម្ពុជា ក្លាយទៅជាប្រព័ន្ធផ្លូវដែកពេញនិយមពីសំណាក់ប្រជាជន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្រោយពីនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងថៃ បានបញ្ចប់ការថ្លែងសុន្ទរកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង បានចាប់ផ្តើម បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ និងគណៈប្រតិភូ រួមគ្នាធ្វើដំណើររួមគ្នាតាមរថភ្លើង ចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើង របស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែត។
ក្រោយបញ្ចប់កម្មវិធីនេះទៅសម្តេចតេជោ និងលោក ប្រាយុទ្ធ ក៏អញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ៕