កូរ៉េខាងត្បូងនឹងប្រារព្ធពិធីអបអរខួប១ឆ្នាំនៃការជួបគ្នាលើកដំបូងរវាងលោក មូន ចេអ៊ីន និង លោក គីម ជុងអ៊ុន តែអាចគ្មានការចូលរួមពីកូរ៉េខាងជើង

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ នឹងប្រារព្ធពិធីអបអរខួបមួយឆ្នាំនៃការបើកជំនួបកំពូលលើកដំបូង រវាងប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ចេអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែទីក្រុងសេអ៊ូលបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងមិន ចូលរួមនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

ក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ទីក្រុងសេអ៊ូលនឹងរៀបចំពិធីមួយនៅភូមិព្រំដែន Panmunjom ជា ទីដែលលោក មូន និង លោក គីម បានបង្ហាញស្នាមញញឹមដាក់គ្នាយ៉ាងកក់ក្តៅនិង ឱបគ្នាប្រៀបដូចជាបងប្អូន ក៏ប៉ុន្តែការចូលរួមពី សំណាក់កូរ៉េខាងជើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

លោក មូន ចេអ៊ីន និង លោក គីម ជុងអ៊ុន បានបើកជំនួបកំពូលជាលើកទីមួយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅតំបន់ភូមិព្រំដែន Panmunjom ដែលជាទីខណ្ឌចែកឧបទ្វីបកូរ៉េជាពីរចំណែក បន្ទាប់ពីមានភាព តានតឹងជាមួយគ្នាជាច្រើនឆ្នាំ ហើយវាក៏ បានបើកផ្លូវ សម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី នៅពីខែក្រោយ មកផងដែរ។

គួរជម្រាបថា ការទាក់ទងរវាង ទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង បានថយចុះគួរឲ្យកត់សម្គាល់ គិតចាប់តាំងតែពីពេលដែល ជំនួប កំពូលរវាងលោក គីម និង លោក ត្រាំ នៅហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយតក់ក្រហល់ និងពុំមានកិច្ចព្រមព្រៀង ឬក៏ សេចក្តី ថ្លែង ការណ៍អ្វីទាំងអស់។ កាលពីដើមខែនេះ លោក គីម ជុងអ៊ុន បានរិះគន់កូរ៉េខាងត្បូងថា ទីក្រុងសេអ៊ូលមិនគួរដើរតួជា អ្នកសម្របសម្រួលនៅកណ្តាល រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងឡើយ។ ចាប់តាំងពីជំនួបនៅទីក្រុងហាណូយ កូរ៉េខាងជើង ក៏ លែងចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទាក់ទងនឹងគម្រោងការិយាល័យទំនាក់ទំនងរួមនៅ Kaesong ហើយក៏មិនបានចូលរួមក្នុង គម្រោងរួមគ្នាផ្សេងទៀតផង ដែរ៕