​កម្ពុជា​ថ្កោលទោស​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​ស្រីលង្កា​

(​ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្រីលង្កា​ជាពិសេស​គ្រួសារ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅ​ប្រទេស ស្រីលង្កា កាលពី​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០១៩​។
​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ស្តីពី​ការវាយប្រហារ​ដ៏​រន្ធត់​លើ​វិហារ​គ្រី​ស្ត​សាសនា​និង​សណ្ឋាគារ​នៅ​ប្រទេស​ស្រីលង្កា​។

​រាជរដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​អំពើ​ហឹ​ង្សា​ដ៏​សាហាវ​ឃោ​ឃៅ​នេះហើយ​ទង្វើ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​និង​ជ្រុលនិយម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​នឹងមិន​ត្រូវ​អត់អោន​អោយ​ជាដាច់ខាត​។

ព្រះរាជាណាចក្រ​កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​ជ្រុលនិយម​តាម​គ្រប់​ទម្រង់ និង​រូបភាព​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មាន​ជំហរ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ស្រីលង្កា នៅក្នុង​គ្រា​ដ៏​លំបាក​នេះ និង​សូម​បួងសួង​ឲ្យ​អ្នករងរបួស​ទាំងអស់ បានជា​សះស្បើយ​ឆាប់រហ័ស​ឡើងវិញ​។

អ្នកស៊ើប​អង្កេត​ម្នាក់រ​បស់​រដ្ឋាភិបាល​ស្រីលង្កា បាន​និយាយ​កាលពី​ថ្ងៃទី​២២ ខែមេសា​ថា ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ព្រះវិហារ​និង​នៅ​សណ្ឋាគារ​ប្រណីត​ជាច្រើន​កន្លែង​នោះ ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​៧​នាក់​។​

​លោក​អា​រី​យ៉ាន​ណាន់​ដា វេ​លៀន​ហ្កា​( Ariyananda Welianga) អ្នកស៊ើប​អង្កេត​នេះ បាន​និយាយថា ” តាម​ការវិភាគ​និង​ពិនិត្យមើល​បំណែក​សាកសព​នៃ​ពួក​អ្នក​វាយប្រហារ​នេះ គឺ​ច្បាស់​ថា ពួកគេ​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នេះ បានសម្លាប់​មនុស្ស​២៩០​នាក់​និង​របួស​ជាង​៥០០​នាក់​។​
​នៅពេល​ជាមួយគ្នានេះ​ប៉ូលិស​ស្រី​ល​ង្ក​ដែល​កំពុង​ស៊ើបអង្កេត​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​កំពុង​ពិនិត្យមើល​សេចក្តីរាយការណ៍​ដែលថា​ក្រុម​អ្នកស៊ើប​ការសម្ងាត់​បាន​ព្រមាន​ជាមុន​អំពី​ការវាយប្រហារ​ដែល​អាច​កើតឡើង​។​

​កាលពីពេល​មុននេះ​រដ្ឋ​មន្ត្រី​ការពារជាតិ​បានចាត់ទុក​បំផ្ទុះ​នេះ​ថា​ជាការ​វាយប្រហារ​ភេរវកម្ម​ដោយ​ពួក​ជ្រុលនិយម​សាសនា ហើយ​ប៉ូលិស​បាន​និយាយថា​ជនសង្ស័យ​២៤​នាក់​ត្រូវបាន​ចាប់ខ្លួន ។ ទោះ​យ៉ាងនេះ​ក្តី មិនមាន​ការប្រកាស​ទ​ទួល​ខុសត្រូវ​ភា្ល​មៗ​ពី​ក្រុម​ណាមួយ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​៕