លោកស្រី អ៊ុង សាន​ស៊ូ​ជី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នា​ថ្ងៃទី​២៩-៣០ មេសា​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មី​យ៉ាន់​ម៉ារ ឬ​ប្រទេស​ភូមា នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ ខែមេសា ឆ្នាំ​២០១៩​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោកស្រី អ៊ុង​សាន​ស៊ូ​ជី មកកាន់​ប្រទេស​កម្ពុជា ចាប់តាំងពី​លោកស្រី ឡើងកាន់តំណែង​កំពូល​របស់​ប្រទេស​ភូមា ចាប់តាំងពី​ឆ្នាំ​២០១៦​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​(NUM) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​កម្មវិធី​ដ៏​មមាញឹក​របស់​សម្តេច ដែល​នៅ​ថ្ងៃទី​២៥​មេសា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​វេទិកា​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ក្នុង​វេទិកា​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី រួមទាំង​មេដឹកនាំ​ជាច្រើន​ផ្សេងទៀត​។ នៅ​ថ្ងៃទី​២៩​មេសា សម្តេច និង​លោកស្រី អ៊ុង​សាន​ស៊ូ​ជី ត្រូវ​ហោះ​ត្រង់ ពី​ប៉េកាំង មកកាន់​ភ្នំពេញ ដោយ​លោកស្រី អ៊ុង​សាន​ស៊ូ​ជី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។​

​កើត​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៤៥ លោកស្រី អ៊ុង​សាន​ស៊ូ​ជី ជា​កូន​របស់​វីរបុរស​ភូមា លោក អ៊ុង​សាន​។ លោកស្រី ជា​អតីត​ប្រធាន​គណបក្សប្រឆាំង នៅ​ប្រទេស​ភូមា បានក្លាយ​ជាទី​ប្រឹក្សា​រដ្ឋ ដែលជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​ភូមា កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​គណបក្ស​របស់លោក​ស្រី ឈ្នះ​ការបោះឆ្នោត​។​

​លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​របប​សឹក​ភូមា ចាប់​ឃុំឃាំង​ក្នុងផ្ទះ ចាប់ពី​ឆ្នាំ​១៩៨៩ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​១៩៩១ លោកស្រី ស៊ូ​ជី ទទួលបាន​ពានរង្វាន់ ណូបែល សន្តិភាព​។​

​អំឡុងពេល​រៀន​នៅ​អង់គ្លេស នៅ​ឆ្នាំ​១៩៧២ លោកស្រី អ៊ុង សាន​ស៊ូ​ជី រៀបការ​ជាមួយ​បុរស​ជនជាតិ​អង់គ្លេស និង​មានកូន​ពីរ​នាក់​។ ដោយសារតែ​លោកស្រី មាន​ប្តី​ជា​ជនបរទេស ទើប​ច្បាប់​របស់​ប្រទេស​ភូមា បានកំណត់​មិន​ឲ្យ​លោកស្រី ធ្វើជា​ប្រធានាធិបតី ដែលជា​តំណែង​កំពូល​នោះទេ​។ ដូច្នេះហើយ​បានជា​គេ​បង្កើត​តួនាទី​មួយសម្រាប់លោកស្រី គឺ​ទីប្រឹក្សា​រដ្ឋ​។ តំណែង​នេះ ប្រៀបដូចជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​ភូមា​៕​