កងទ័ព​កម្ពុជា​-​ចិន នឹងធ្វើ​សមយុទ្ធ “​ហនុមាន​មាស ឆ្នាំ​២០១៩” បាញ់​គ្រាប់​ពិត ចាប់ពី​ថ្ងៃទី​០៣-០៥ ខែឧសភា នៅ​ជុំ​គិរី ខេត្តកំពត​

(​ភ្នំពេញ​)៖ កងទ័ពជើងគោក​កម្ពុ​ជា និង​ចិន នឹងចូលរួម​ធ្វើ​សមយុទ្ធ “​ហនុមាន​មាស ឆ្នាំ​២០១៩” ដើម្បី​បាញ់​គ្រាប់​ពិត ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩​។ ការបាញ់​គ្រាប់​ពិត ក្នុង​សមយុទ្ធ​នេះ រួមមាន​៖ កាំភ្លើង​ធំ ១៥២ ម​.​ម និង ១២២ ម​.​ម ដោយ​បាញ់​យក​គោលដៅ ក្នុង​មួយ​ដើម ០២​គ្រាប់ និង​បាញ់​ផ្គុំ​គ្នា មួយ​ដើម ០៤​គ្រាប់​។ រីឯ​កាំភ្លើង ២៣​ម​.​ម គឺ​បាញ់​តាម​មេរៀន​ការពារ​អាកាស​។ កាំភ្លើង ៣៧ ម​.​ម បាញ់​តាម​មេរៀន​ការពារ​អាកាស ព្រមទាំង​កាំភ្លើង BM21 RM 70 ដោយ​បាញ់​ផ្គុំ​គ្នា ក្នុង​មួយ​ដើម ៤០​គ្រាប់​។​

​ក្នុង​សេចក្តីណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​បញ្ជាក់​ពី​សមាសភាព​ចូលរួម​សិក្សា ក្នុង​ការងារ​សមយុទ្ធ រយៈពេល ៣​ថ្ងៃនេះ រួមមាន​៖ សាកលវិទ្យាល័យ​ការពារជាតិ ( ថ្នាក់​សេនាធិការ​ទាំង ២​ថ្នាក់ និង​ថ្នាក់​ការពារជាតិ ) ចំនួន ១០០-១៥០ នាក់​។ សាលា​នាយទាហាន​សកម្ម ១០០-១៥០ នាក់​។ វិទ្យាស្ថាន​ទ័ពជើងគោក ១០០-១៥០ នាក់​។ នាយ​ស្ថាប័ន មេបញ្ជាការ​បណ្តា​អង្គភាព​ចំណុះ​កងទ័ពជើងគោក អគ្គបញ្ជាការ​។​

​សូម​រម្លឹកថា សមយុទ្ធ​ហ​នុ​មាស កងទ័ពជើងគោក ឆ្នាំ​២០១៩ នឹងធ្វើ​ឡើង នៅ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី ស្ថិតនៅ​ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​កាលពី​ខែមីនា ឆ្នាំ​២០១៩ កងទ័ព​កម្ពុជា និង​ចិន ក៏បាន​ធ្វើ​សមយុទ្ធ​រួមគ្នា ដែលមាន​ឈ្មោះថា “​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩” ដោយ​ប្រើ​រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធ​គាំទ្រ​ព​ពីលើ​អាកាស ជាដើម​។​

​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន ចាប់តាំងពី​ឆ្នាំ​២០១៨ បាន​ជួយ​ឲ្យ​កងទ័ព​ប្រទេស​ទាំងពីរ ផ្លាស់ប្តូរ​ចំណេះដឹង បទ​ពិសោធន៍ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ព្រោះថា ការហ្វឹកហ្វឺន​នេះ បាន​ដើរតួនាទី​សំខាន់​ណាស់ សម្រាប់​ពង្រឹង​សមត្ថភាព ដល់​កងយោធពល​ខេមរភូមិន្ទ ឲ្យ​មាន​វិជ្ជាជីវៈ ចំណេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ ដែលជា​យុទ្ធសាស្ត្រ​យូរ​អង្វែង សំដៅ​លើកកម្ពស់​ធនធាន​មនុស្ស និង​ថ្នាល​កសាង​មនុស្ស​បន្តវេន​ជំនាន់​ក្រោយ​៕​