រដ្ឋមន្ត្រី​មហាផ្ទៃ ណែនាំ​ប៉ូលិស និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​បង្កើន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ស្ដីពី ការបង្កើន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន​។

​ក្នុង​សេចក្តីណែនាំ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាលជាតិ និង​សមត្ថកិច្ច ដែលមាន​ការពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ មាន​ជាអាទិ៍ អំពើ​ភេរវកម្ម ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ ការជួញដូរ​រត់ពន្ធ​មនុស្ស ការជួញដូរ​អាវុធ​ខុសច្បាប់ និង​បទល្មើស​បច្ចេកវិទ្យា​។​ល​៕​