Ronaldo ៖ ​ខ្ញុំ​មិន​ពិបាក​ចិត្ត​ទេ ​ចេញ​ពី Real Madrid ​ព្រោះ​ហេតុផល​នេះ

ក្លឹប Juventus ​បាន​បង្ហាញ​ខ្លួន Cristiano Ronaldo ​ជា​ផ្លូវ​ការ​ហើយ​នៅ​យប់មិញ​នេះ ​ជាមួយ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ស្វាគមន៍​វត្តមាន​របស់​កំពូល​កីឡាករ​លើ​លោក​នេះ។

ថ្ងៃ​ដំបូង​ពាក់​អាវ​ក្លឹប Juventus ​កីឡាករ​ដែល​ឈ្នះ​ពាន​រាប់​មិន​ចង់​អស់​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​ខុស​គេ ​ខ្ញុំ​មិន​ចង់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ​ឈ្នះ​ស្រួល​ៗ​នោះ​ទេ។ ខ្ញុំ​ចង់​មាន​ការ​ប្រកួតប្រជែង​ច្រើន។ ខ្ញុំ​មិន​ពិបាក​ចិត្ត​ឡើយ​ពេល​ចាកចេញ​ពី Real Madrid ​ខ្ញុំ​ចង់​មាន​ការប្រកួត​ប្រជែង​បន្ដ​ទៀត ខ្ញុំ​បាន​ឈ្នះ​គ្រប់​យ៉ាង​ជាមួយ​ Real ​ហើយ​… ខ្ញុំសប្បាយចិត្តដែល​ចាកចេញរក​កន្លែង​ថ្មី ប្រកួតប្រជែងថ្មី។ ​កីឡាករ​ជា​ច្រើន​វ័យ​ស្មើ​ខ្ញុំ​នេះ ពួកគេ​តែងតែ​ទៅ​រក​កន្លែង​ណា​ដែល​ងាយ​ស្រួល (លីគ​ចិន ឬ​កាតា​ជា​ដើម)។ តែ​សម្រាប់​ខ្ញុំ ​ខ្ញុំ​តែងតែ​ចូល​ចិត្ត​ការ​ហ្វឹកហាត់​ខ្លាំង ប្រឹងប្រែង។ នេះ​ជា​មហិច្ឆតា​របស់​ខ្ញុំ”។

Ronaldo ​វ័យ​៣៣​ឆ្នាំ​បាន​ផ្លាស់​ទៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ក្រោយ​ពី​រូបគេ​បាន​ជោគជ័យ​និង​ឈ្នះ​ពាន​គ្រប់​យ៉ាង​នៅ​ទឹក​ដី​អេស្ប៉ាញ។ កីឡាករ ពូកែ​រក​គ្រាប់​បាល់​បាន​គ្រប់​ក្បាច់​រូប​នេះ ​រក​គ្រាប់​បាល់​ឱ្យ Real Madrid ​បាន​៤៥១​គ្រាប់ ​ជា​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ​ក្លឹប​អេស្ប៉ាញ​នេះ៕