កម្ពុជា ទទួល​បាន​កូន​ផ្សោត​មួយទៀត​ហើយ​ក្នុង​ឆ្នាំនេះ

(ក្រចេះ)៖ អង្គការ WWF-កម្ពុជា បាន​ឱ្យដឹង​នៅថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៩នេះ​ថា បន្ទាប់ពី​បុណ្យចូលខ្មែរ​រួច កូន​ផ្សោត​ទើបកើតថ្មីមួយ​ក្បាល​ទៀត ត្រូវបាន​គេប្រទះ​ឃើញ​នៅ​អន្លង់​កាំពី ខេត្ត​ក្រចេះ។

អង្គការ​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កូនផ្សោត​ទើបកើតថ្មី​មួយក្បាល ដែលមាន​អាយុកាល​ប្រហែល​ជាប្រាំពីរថ្ងៃ ​ត្រូវបាន​ប្រទះ​ឃើញ នៅក្នុង​ក្រុម​ហ្វូង​សត្វផ្សោត​ធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​ប្រាំក្បាល ស្ថិតក្នុង​អន្លង់​កាំពី ក្នុង​ភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ កាលពីថ្ងៃ​ទី១៨ ​ខែ​មេសា ឆ្នាំ​២០១៩ នៅវេលាម៉ោង​ប្រមាណ​ ១៤:៣៥នាទី រសៀល​ដោយក្រុម​ការងារ​ស្រាវជ្រាវ​របស់​អង្គការ WWF-កម្ពុជា​ ប្រចាំខេត្តក្រចេះ»។
WWF-កម្ពុជា បញ្ជាក់​ថា កូន​ផ្សោត​ដែលបាន​ប្រទះ​ឃើញ​ថ្មីនេះ គឺ​ជា​កូនផ្សោត​ទី៦ ហើយ ដែលត្រូវ​បាន​កត់ត្រា​ថាបាន​កើតនៅក្នុង​ឆ្នាំ​២០១៩ ចាប់ពី​ខែ​មករា​ រហូតដល់​ខែ​មេសា​នេះ។

កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ​ ជា​លទ្ធ​ផល​ថ្មី​មួយ​ទៀត​ក្នុង​ឆ្នាំ​២០១៩ នេះ បញ្ជាក់​អំពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ក្នុង​ប្រទេស​កម្ពុជា​។ លទ្ធ​ផល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហការ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ងារ​អភិរក្ស​រវាង អង្គ​ការ​ WWF-កម្ពុជា និង​ដៃ​គូ​អភិរក្ស​នានា ដូច​ជា អា​ជ្ញាធរ​មូល​ដ្ឋាន ម្ចាស់​ផ្តល់​មូល​និធិ អង្គ​ការ​ដៃ​គូ ប្រជា​សហគមន៍ សា​ធារណ​ជន​ទូ​ទៅ និង​ជា​ពិសេស រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ក្រសួង​ទេស​ចរ និង​អា​ជ្ញា​ធរ​​ថ្នាក់​ខេត្ត​៕