នាយករដ្ឋមន្ត្រី​ជប៉ុន ចាប់​ផ្តើម​ទស្សនកិច្ច​មួយ ដើម្បី​ត្រៀម​បើក​កិច្ចប្រជុំកំពូល​G២០

អន្តរជាតិ៖ លោក ស៊ីន ហ្សូ​ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​​ផ្តើម​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស៦​ ​ចាប់ពី​ថ្ងៃទី២២​ ខែមេសានេះ រហូត​ដល់​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០១៩​​ ។ លោក​នឹង​ត្រូវ​​ជួប​ប្រធានាធិបតី​បារាំងលោក អេម៉ានុយអែល ម៉ាក្រុង​ នៅ​ថ្ងៃ​អង្គារ​ បន្ទាប់​មក​លោក ​អាបេ នឹង​បន្ត​​ដំណើរ​ទៅ​កាន់សហរដ្ឋ​អាមេរិក កាណាដា អ៊ីតាលី ប៊ែលហ្សិក និង​ស្លូវាគី ។ ដំណើរ​ទស្សនកិច្ចរបស់​លោកស៊ីនហ្សូ អាបេ ​​ដែលធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ ត្រៀម​បើក​ជំនួប​កំពូល​G២០ នៅ​ជប៉ុន នៅ​ខែ​មិថុនា​ខាង​មុខ ត្រូវ​ចាប់​ផ្តើម​ពី​ប្រទេស​បារាំងទៅ ។

លោក អេម៉ានុយអែល ម៉ាក្រុង នឹង​ទទួល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ​នៅវិមាន​អេលីហ្សេ នៅ​ថ្ងៃអង្គារ បន្ត​ដោយ​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា នេះ​បើ​តាម​ការ​គូស​បញ្ជាក់របស់​វិមាន​ប្រធានាធិបតី​បារាំង ។ ​ប៉ុន្តែ​​​ជំនួបរវាង​មេដឹកនាំ​ទាំង​ពីរ ​​ប្រព្រឹត្ត​ក្នុង​បរិបទ​​ដ៏​រសើបមួយ​ បង្ក​ឡើង​ដោយ​​​សំណុំ​រឿងលោក កាឡូស ហ្គូន ​អតីត​ប្រធានក្រុមហ៊ុន​រថយន្ត​រឺណូ និង​នីសាន់ កំពុង​ជាប់​ឃុំ​នៅ​ជប៉ុន និង​ទើប​ត្រូវ​បាន​តុលាការទីក្រុង​តូក្យូ ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ ពីបទ​រំលោភ​ទំនុកចិត្ត​របស់​ក្រុម​ហ៊ុន​នីសាន់ ។

បើ​តាម​វិមាន​អេលីហ្សេ ដំណើរ​មក​ដល់​របស់​លោក អាបេ ជា​ឱកាស​ល្អ​ នាំប្រទេស​​​ជប៉ុនដែលជា​​ប្រធាន​ G​២០ និង​បារាំង​​ជា​ប្រធាន G​៧ បាន​ចាប់​ដៃ​សហការ​គ្នា ​គិត​គូរ​អំពី​អាទិភាព​សំខាន់ៗ ​នៃ​ការ​រៀប​ចំ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ ដោយ​ជប៉ុន​ត្រូវ​ទទួល​ធ្វើ​នៅ​ចុង​ខែ​មិថុនា ឯ​បារាំង​នៅ​ចុង​ខែ​សីហា ។ ប្រធានាធិបតី​បារាំង ចង់​ពង្រឹង​​ការ​ផ្តោះ​ប្តូរ​ទ្វេភាគីលើ​ចំណុច​បី៖ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ភាព​ជា​ដៃគូ​ឧស្សាហកម្ម ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ចុងក្រោយ​គឺ​បន្ត​ការ​ផ្តោះ​ប្តូរ​វប្បធម៌ ដោយ​គ្រោង​បើក​វគ្គ​វប្បធម៌​បារាំង​នៅ​ជប៉ុន បន្ត​ពី​វគ្គ​វប្បធម៌​ជប៉ុន​នៅ​បារាំងក្នុង​ឆ្នាំ​២០១៨ ។

ជាមួយ​​អាមេរិក​វិញ ដំណើរ​ទស្សនកិច្ច​នេះ ប្រព្រឹត្តឡើង​ចំពេល​ដែលទីក្រុង​តូក្យូ​ និង​វ៉ាស៊ីនតោន បាន​ចាប់​ផ្តើម​​ចរចា​ពាណិជ្ជកម្ម​ ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ក្នុង​ខណៈ​ដែល​​លោក​ ដូណាល់ ត្រាំ គំរាម​ចង់​យក​ពន្ធ​នាំ​ចូល​លើ​វិស័យរថយន្ត ។ ប៉ុន្តែ​លោក ត្រាំ​​ ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ធ្វើ​ដំណើរ​ ទៅ​ជប៉ុន​នា​ដើម​ខែ​ក្រោយ​នេះ​ដែរ ដើម្បី​បានក្លាយ​ជា​ប្រធានាធិបតី​បរទេស​ដំបូង ដែល​នឹង​​ជួប​ព្រះ​ចៅ​អធិរាជថ្មី​របស់​ជប៉ុន គឺ​ព្រះ​ចៅ​ ណារូហ៊ីតូ ដែលនឹង​ត្រូវ​ឡើង​ស្នង​រាជ​ពី​បិតា នៅ​ថ្ងៃ​ទី​១​ ខែឧសភា ​ឆ្នាំ២០១៩ ។ (Reuters ថ្ងៃទី២៣ ខែមេសា)