លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជាមួយលោក ពូទីន

អន្តរជាតិ​៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ។ ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោក គីម ត្រូវបានគេមើលឃើញថា កំពុងធ្វើការងារដើម្បីបង្កើនការគាំទ្របរទេស សម្រាប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់លោក ចាប់តាំងពីការបញ្ចប់នៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទីពីរ នៅក្នុងទីក្រុងហាណូយ កាលពីខែកុម្ភៈ បាននាំឱ្យមានការចរចាជាមួយក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ធូរបន្ថយទណ្ឌកម្មទីក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងកើតឡើង «ឆាប់ៗ» ប៉ុន្តែមិនបានរៀបរាប់លម្អិតអំពីពេលវេលា ឬទីកន្លែងនោះទេ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោក ពូទីន និងលោក គីម កំពុងស្ថិតនៅលើផ្លូវដើម្បីជួបប្រជុំគ្នានៅចុងខែមេសានេះ ។

ជំនួយការរបស់លោក គីម ជុងអ៊ុន គឺលោក គីម ចាងសុង ត្រូវបានគេមើលឃើញវត្តមាន នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុកកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យមានការសន្និដ្ឋានថា ជំនួបកំពូល ពូទីន – គីម នឹងត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងនោះនៅថ្ងៃទី 24-25 ខែមេសា។ ក្រុម NK News ដែលជាក្រុមធ្វើដំណើរតាមលោក គីម បានបង្ហាញរូបភាពនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ ពីការត្រៀមរៀបចំនៅឯសាកលវិទ្យាល័យ Far Eastern Federal របស់ទីក្រុង វ្ល៉ាឌីវ៉ូស្តុត ។

លោក Artyom Lukin សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok បានថ្លែងថា បន្ទាប់ពីការបរាជ័យខាងការទូតនៅឯកិច្ចប្រជុំកំពូលទីក្រុងហាណូយមក លោក គីម ទំនងជាកំពុងព្យាយាមបង្ហាញថា លោកកំពុងស្វែងរកមេដឹកនាំពិភពលោក ហើយថាលោកមានជម្រើសច្រើនទៀត ។

លោកបានបន្តថា៖ “លោក គីម មើលទៅមិនចង់ពឹងពាក់ខ្លាំងពេក ទៅលើទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូលទេ,” ចំពោះរុស្ស៊ីកិច្ចប្រជុំកំពូលរបស់លោក ពូទីន – គីម នឹងបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូជាអ្នកដើរតួនាទីសំខាន់នៅលើឧបទ្វីបកូរ៉េ ។ កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ចំពោះកិត្យានុភាពជាអន្តរជាតិរបស់រុស្ស៊ី ។ (Reuters ថ្ងៃទី២៣ ខែមេសា)