សាខាកាំកុងត្រូលប៉ៃលិន បន្តចុះការណែនាំ និងបង្កើនការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលអាជីវករដាក់តាំងលក់នៅលើទីផ្សារ

ប៉ៃលិន៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន និង លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំមន្រ្តីជំនាញ បន្តចុះណែនាំ និងបង្កើនការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលអាជីវករដាក់តាំងលក់តាមតូបនៅផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ៖ ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និង ផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។ លោកបានបន្តថា៖ ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព នៅតូបនានា ដែលអាជីវកបានដាក់តាំងលក់ ទំនិញផលិតផលផ្សេងៗ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ បអោយបានល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺហូប ស្អាត រស់នៅស្អាត ។ នៅក្នុងឱកាសនោះផងដែរ លោកប្រធានសាខា ក៍បានណែនាំដល់អាជីវករដែលដាក់តាំងទំនិញលក់ទាំងអស់អោយយល់ដឹងពីទំនិញដែលហួសសុពលភាព និង ខូចគុណភាព ជាពិសេសកុំយកទំនិញខូចគុណភាព តាំងលក់អោយអ្នកប្រើប្រាស់ដែលបណ្តាលអោយខូចសុខភាព។ ដូច្នេះអាជីវករលក់ទំនិញ ទាំងអស់ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និងត្រូវស្វែងយល់ដឹងពីសារៈសំខាន់នៃទំនិញនីមួយៗ និង រៀបចំទុកដាក់ទំនិញអោយបានត្រឹមត្រូវ ជាសវៀងកុំយកទំនិញខូចគុណភាពមកលក់ដែលនាំអោយពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សូមបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ ភេសជ្ជៈដប ២៣១ដប ប័រកំប៉ុង១០កំប៉ុង នំស្រួយ៧២ កញ្ចប់ ទឹកដោះគោខាប់១១ កំប៉ុង មីកំប៉ុង០២កំប៉ុង ទឹកម្ទេសដប១១ដប ទឹកក្រូចកំប៉ុង ១៧កំប៉ុង ម្សៅស៊ុបខ្នរ ៤០កញ្ចប់ និងទឹកដោះគោក្មេង៣២០ កំប៉ុង ស្មើនឹង១០៣,២៦ គីឡូក្រាម៕