ជាតិមន្ត្រី​ឧ​ទ្យា​នុ​រក្ស​៧០០​នាក់ ចូលធ្វើ​សច្ចាប្រណិធាន ដើម្បី​ក្លាយជា​នគរបាល​យុត្តិធម៌​

ភ្នំពេញ៖ លោក ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ គឺជា​ការផ្ដល់​ឱកាស​ឲ្យ​ម​ន្រី្ត​ឧទ្យាន​រក្ស និង​ម​ន្រី្ត​នៃ​ក្រសួងបរិស្ថាន​ទាំង​៧០០​នាក់​នោះ ពង្រឹងសមត្ថភាព​បន្ថែម ជាពិសេស​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឲ្យ​កាន់​តែមាន​សិទ្ធិ​ថែមទៀត​។
​ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក វ៉ាន់ វិបុល បាន​ផ្ដាំ​ទៅ​ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ឲ្យ​សហការ​ជាមួយ​ម​ន្រី្ត​មាន​សមត្ថកិច្ច​ផ្សេងៗ និង​ស្ថាន​ប័ន​ពាក់ព័ន្ធ ជាពិសេស​ព្រះរាជអាជ្ញា​ក្នុង​ដែន​របស់ខ្លួន​។ ជាមួយគ្នានេះ ត្រូវ​ឈ្វេងយល់​បន្ថែម​អំពី​ចំណេះដឹង​ផ្នែក​ច្បាប់ ដើម្បី​ងាយស្រួល​ក្នុងការ​ចាត់ការ​ចំពោះ​ជនល្មើស​។ លោក សង្កត់ធ្ងន់ថា ត្រូវមាន​របាយការណ៍​ច្បាស់លាស់ ព្រោះ​របាយការណ៍​ត្រូវ​បញ្ជូនទៅ​តុលាការ ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមច្បាប​។


រូបភាពពីក្រសួងបរិស្ថាន

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ មាន​នីតិសម្បទា​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ និង​មន្ត្រីនគរបាល​យុត្ត​ធម៌ មាន​ភារកិច្ច​ល្បាត​ជាប្រចាំ ក្នុងការ​អង្កេត តាមដាន ស្រាវជ្រាវ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏មាន​ភារកិច្ច ប្រចាំការ​ជាប្រចាំ ក្នុងការ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត និង​ឯកសារ​ផ្សេងៗ ក៏ដូចជា​ការនាំចេញ និង​នាំចូល​នូវ​ប្រភេទ​សត្វ រុក្ខជាតិ និង​គ្រាប់​រុក្ខជាតិ​ផ្សេងៗ ក្នុង​តំបន់ការពារធម្មជាតិ​។ ភារកិច្ច​មួយទៀត​រប​ស់​ឧ​ទ្យា​នុ​រក្ស​គឺ ការងារ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និង​អភិវឌ្ឍ​សហគមន៍ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​រស់នៅក្នុង​និង​ក្បែរ​តំបន់ការពារធម្មជាតិ​។​​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ក្នុង​ឆ្នាំ​១៩៩៥ មាន​៩៥​នាក់ ហើយ​បាន​កើន​ដល់​១២២១​នាក់ ក្នុង​ឆ្នាំ​២០១៧​។ ក្រសួងបរិស្ថាន កំពុង​ការពារ​និង​អភិរក្ស​លើ​ផ្ទៃ​ប្រមាណ​៧​លាន​៥​សែន​ហិកតា​នៅ​ទូទាំងប្រទេស​៕