ហ្វីលីពីន គ្រោងពង្រីកការហោះហើរត្រង់ ទៅកាន់ទីក្រុងសៀមរាប ក្រោយបើកការហោះហើរត្រង់មកភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីបានបើកការហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់រាជធានីភ្នំពេញ នាដើមខែមេសា ឆ្នាំ២០១៩នេះ ហ្វីលីពីន ក៏គ្រោងនឹងពង្រីកការហោះហើរត្រង់របស់ខ្លួន ទៅកាន់ទីក្រុងសៀមរាបអង្គរ ប្រទេសកម្ពុជា បន្តទៀត។ នេះបើតាមការអះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនផុតអាណត្តិ លោក គ្រីស្តូពឺ បាល់តាហ្សា ម៉ុនធើរ៉ូ (Christopher Baltazar MONTERO) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការរីកដុះដាលយ៉ាងច្រើននូវវិស័យសំណង់។ ព្រមជាមួយនោះ លោកក៏បានលើកឡើងផងដែរពីបញ្ហាចរាចរ គឺមានការរីកចម្រើន ដែលមានការកកស្ទះយ៉ាងច្រើន នៅរាជធានីភ្នំពេញ។ ដោយឡែកចំពោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជា លោកបានវាយតម្លៃថា បច្ចុប្បន្នប្រជាជនកម្ពុជា គឺមានការរីកចម្រើនច្រើន។

ពាក់ព័ន្ធទៅនឹងការបោះឆ្នោតរបស់កម្ពុជា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហ្វីលីពីនជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជា មុនដំបូងគេបង្អស់។ លោក បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្ដិ រយៈពេល៤ឆ្នាំរបស់លោក គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចពីរដង ទៅកាន់ប្រទេសហ្វីលីពីន ហើយលោកប្រធានាធិបតីហ្វីលីពីន ក៏បានបំពេញដំណើរទស្សនកិច្ច មកកាន់កម្ពុជាចំនួន២ដងផងដែរ។ លោកអគ្គរដ្ឋទូត បានអះអាងថា លោកបានជំរុញឲ្យវិនិយោគិនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងអាណត្តិរយៈពេល៤ឆ្នាំនេះ លោកពិតជារីករាយ នៅក្នុងការរីកចម្រើន របស់ប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតដោយបានលើកឡើងថា នៅក្នុងអាណត្តិរបស់លោកអគ្គរដ្ឋទូត គឺទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើនយ៉ាងច្រើន។ លោក បានបញ្ជាក់ថា ក្នុងចំណោមការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនោះ គឺចំណុចដែលលោកសប្បាយរីករាយជាងគេ គឺការបើកជើងហោះហើរផ្ទាល់ពីហ្វីលីពីនមកកាន់កម្ពុជា ដែលនេះធ្វើឲ្យប្រជាពលរដ្ឋ រវាងប្រទេសទាំងពីរមានការតភ្ជាប់គ្នាដែលនេះគឺជាជោគជ័យមួយ រវាងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ហើយយើងគួរតែបន្តជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរថែមទៀត។

ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីន កំពុងដូរច្បាប់នៃការនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលពីដើមឡើយ ត្រូវធ្វើការដេញថ្លៃ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំ ចូល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការពេញចិត្ត ចំពោះចំណុចនេះ ហើយលោកចង់ឃើញអង្ករកម្ពុជាចូលទៅកាន់ទីផ្សារ របស់ហ្វីលីពីន ដែលនេះជាចឱកាសតភ្ជាប់ថ្មី ដែលអាចឲ្យកម្ពុជា នាំអង្ករចូលទៅកាន់ពីលីពីន៕