ផ្លាកលេខដាក់តាមការចង់បានរបស់ម្ចាស់យានយន្ត ត្រូវបានដាក់ចូលក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ»

ភ្នំពេញ)៖ ផ្លាកលេខដែលដាក់តាមការចង់បានរបស់ម្ចាស់យានយន្ត និងអាចរក្សាទុកបានពេលម្ចាស់លក់រថយន្តនោះ ត្រូវបានដាក់ចូលក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ»។ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពលើសេចក្តីព្រាងនេះ ប្រជាពលរដ្ឋខ្មែរអាចធ្វើផ្លាកលេខដោយដាក់ឈ្មោះរបស់ខ្លួនឯង ឈ្មោះក្រុមហ៊ុន ឈ្មោះមនុស្សជាទីស្រឡាញ់ជាដើមបានហើយ។

ការសម្រេចយកបញ្ហាផ្លាកលេខពិសេសបញ្ចូលក្នុងសេចក្តីព្រាងអនុក្រឹត្យ «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ» ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសមាសភាពពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ» ត្រូវបានធ្វើការប្រជុំជាលក្ខណៈផ្លូវការ ជាមួយក្រសួងអង្គភាពពាក់ព័ន្ធចំនួន៨លើករួចមកហើយ ហើយកិច្ចប្រជុំដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នៅថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យមើលជារួមទៅលើខ្លឹមសារនៃអនុក្រឹត្យស្តីពី«ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ» ក្នុងគោលបំណងដើម្បីបូកសរុប និងកែសម្រួលនូវសេចក្តីព្រាងចុងក្រោយ មុននឹងដាក់ស្នើទៅរាជរដ្ឋាភិបាលដើម្បីសុំការអនុម័ត ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការ ។

លក្ខណៈពិសេសបន្ថែមនៃខ្លឹមសារកែសម្រួលនៃអនុក្រឹត្យនេះ មានដូចជា៖
*ទី១៖ លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតិអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ
*ទី២៖ ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្ត ពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឲ្យបុគ្គលទី២
*ទី៣៖ លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ៕