លោក​ រៀល ខេមរិន្រ្ទ​បាន​បង្កើត​បក្ស​ថ្មី «គណបក្ស​ខ្មែរ​អភិរក្ស​និយម»

(ភ្នំពេញ)៖ ​លោក​ រៀល​ ខេមរិន្ទ្រ​ អតីត​តំ​ណាង​រាស្ត្រ​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​បង្កើត​គណ​បក្ស​ថ្មី​មួយ​មាន​ឈ្មោះ​ថា​​ «​គណ​បក្ស​ខ្មែរ​អភិ​រក្ស​និយម​»​ ​ហើយ​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ក្រោយ​ពី​សេច​ក្ដី​ស្នើ​​ឈ្មោះ​ទី១​ ​គឺ ​«​គណ​បក្ស​ចក្រ​ភព​ខ្មែរ»​ ត្រូវ​បាន​បដិសេធ។

​ប៉ុន្តែ​ក្រសួង​​មហា​ផ្ទៃ​បាន​តម្រូវ​ឲ្យ​គណ​បក្ស​នេះ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ស្របតាម​មាត្រា​ ៩ ​វាក្យ​ខណ្ឌ​ទី២ មាត្រា​ ១៨ ​ថ្មី ​មាត្រា ​១៩​ ​ថ្មី ​និង​មាត្រា​ ​២០​ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោ​បាយ​ ដើម្បី​ឲ្យ​គណ​បក្ស​នេះ​ទទួល​បាន​សុពល​ភាព​ ​និង​អាច​ធ្វើ​សកម្ម​ភាព​ស្រប​តាម​​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។​ ​

គណបក្ស​ខ្មែរ​អភិ​រក្ស​និយម​ គឺ​ជា​ឈ្មោះ​ទី​២​ ដែល​ត្រូវ​បាន​ដាក់​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដោយ​លោក​ រៀល ខេម​រិន្ទ្រ ​ក្រោ​យ​ពេល​ឈ្មោះ​ទី​១ គឺ​ «គ​ណ​បក្ស​ចក្រ​ភព​ខ្មែរ»​ ត្រូវ​បាន​ក្រសួង​បដិ​សេធ​ដោយសារ​តែ​ឈ្មោះ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា។

លោក ​រៀល​ ​ខេម​រិន្ទ្រ​ ​គឺ​ជា​អ្នក​នយោ​បាយ​​ម្នាក់​ក្នុង​ចំណោម​ ១១៨ ​នាក់​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោ​បាយ​ក្រោយ​ពេល​គណ​បក្ស​នេះ​ត្រូវ​បាន​​តុលា​ការ​កំពូល​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​ ២០១៧។​ ​ប៉ុន្តែ​លោក ​ខេម​រិន្ទ្រ ​បាន​ទទួល​សិទិ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្រោយ​ពេល​ស្នើ​សុំ​ទៅ​ព្រះមហា​ក្សត្រ។​

​​លោក​ ​រៀល​ ខេម​រិន្ទ្រ​ បាន​អះ​អាង​​អំពី​ខ្លឹម​សារ​នៃ​គណបក្ស​​ខ្មែរ​អភិរក្ស​ ដោយ​ផ្ដល់​និយមន័យ​ដល់​គណ​បក្ស​នេះ​ថា​នាំ​គ្នាគ្រប់​គ្រង ​ការពារ​ថែ​រក្សា​ ដើម្បី​ចៀស​ផុត​កុំ​ឲ្យ​មាន​ហានិ​ភ័យ​អ្វី​មួយ​ ដូច​ជា​ប្រាសាទ​អង្គ​រ ឬ​អ្វី​ផ្សេងៗ​ដែល​ជា​របស់​ខ្មែរ​ពី​ដើម​មក។​ ​

​លោក​ ​ខេម​រិន្ទ្រ​ ថ្លែង​ថា៖​ «​និយាយ​រួម​យើង​ថែ​រក្សា​របស់​ទាំង​អស់​ហ្នឹង​ តាំង​ពី​ការពារ​បូរណ​ភាព​ទឹក​ដី ​ឯក​ភាព​ជាតិ​ អធិ​តេយ្យ​ភាព​ ​ជា​ពិសេស​គឺ​យើង​អភិរក្ស​ឈាន​ទៅ​អភិ​វឌ្ឍ​ដើម្បី​ឲ្យ​ប្រទេស​យើង​ជឿន​លឿន»។

​លោក​បន្ត​ថា​៖​ ​«​មិន​មែន​មាន​ន័យ​ថា ឈ្មោះ​អភិរក្ស​ហើយ​យើង​មិន​ចង់​ឲ្យ​មាន​ប្រជា​ធិប​តេយ្យ​ទេ។​ ពី​ដើម​មក​ក៏​យើង​មាន​ប្រជា​ធិប​តេយ្យ​ដែរ​ ​គឺ​យើង​មាន​ប្រជា​ធិប​តេយ្យ​រហូត​មក​ស្រុក​យើង​។ ​ប៉ុន្តែ​ប្រជា​ធិប​តេយ្យ​ទូ​លំ​ទូលាយ​ ​ឬ​ប្រជា​ធិប​តេយ្យ​នៅ​លើ​តែ​ក្រដាស​យើង​មិន​ដឹង»។​

​លោក​ថា​លោក​ចូល​ចិត្ត​ថែ​រក្សា​ការពារ​ ហេតុ​ដូច្នេះ​ហើយ​បានជា​លោក​ ពី​ដំបូង​ដាក់​ឈ្មោះ​​បក្ស​ថា ​គណ​បក្ស​ចក្រ​ភព​ខ្មែរ​ ​ដោយ​សារ​តែ​ចក្រភព​ខ្មែរ​មាន​វិសាល​ភាព​ទូលំ​ទូលាយ​។​ ​

​លោក​ថ្លែង​ថា​៖​ ​«​គំនិត​របស់​ខ្ញុំ​គឺ​យើង​ចង់​ឲ្យ​ប្រទេស​របស់​យើង​ឈាន​ទៅ​រក​ភាព​រុងរឿ​ង​ ថ្កុំ​ថ្កើង​ ថ្លៃ​ថ្នូរ​ ឧ​ត្ដុង្គ​ឧត្ត​ម​ ​ដូច​សម័យ​មហា​ន​គរ​ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ដាក់​ឈ្មោះ​ថា ​«​ចក្រ​ភព​ខ្មែរ»​ ​(​ពី​ដំបូង​)​។ យ៉ាង​ហោច​ណាស់​អ្នក​នយោបាយចំ​នួន ​៩​ នាក់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្រោយស្នើ​ដល់​ព្រះមហា​ក្សត្រ៕