កាច់​សោក​ម៉ូតូ​បានសម្រេច រត់​មិន​រួច សមត្ថកិច្ច​ក្របួច​កអាវ​ជាប់​នាំទៅ​ប៉ុស្តិ៍​

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់​សោ​ក​ម៉ូតូ​ប្រជាពលរដ្ឋ​បានសម្រេច​ហើយបម្រុងជិះ​គេចខ្លួន តែត្រូវម្ចាស់​ប្រទះឃើញ​ស្រែក​ឆោឡោ ចំពេល​កម្លាំង​ល្បាត​ទៅដល់​ល្មម តាម​ក្របួច​ចាប់បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បុរី​​ ពិភព​ថ្មី​កំបូល ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​ជនសង្ស័យ​មានឈ្មោះ សៀន រុន ហៅ​ភក្តី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទើប​ចេញពី​ពន្ធនាគារ មាន​ទីលំនៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត​ភូមិ​សា​ម្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាច់​សោកម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា សេ​១២៥ សេរី​២០០៥ ពណ៌​ខ្មៅ របស់​ស្រ្ដី​ម្នាក់ ដែល​ម្ចាស់​បាន​ចត​ទុក​នៅ​កន្លែងកើតហេតុ​បានសម្រេច ជិះ​ចេញ​បាន​ប្រហែល​៥០​ម៉ែត្រ​ត្រូវ​ម្ចាស់​និង​ប្រជាពលរដ្ឋ​ឃើញ​ស្រែក​ផ្អើលឆោឡោ ជនសង្ស័យ​ភ័យ​ផ្តួល​ម៉ូតូ​រយ់​គេច តែ​មិន​រួច គាប់​ជួន កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​កន្ទោក នៅក្បែរនោះ​ចាប់ខ្លួនបាន។​

​ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សាកសួរ ​និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​កន្ទោក ដើម្បី​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​បន្ត​តាម​នីតិ​វិធី៕