ពិធីប្រគល់ និងទទួលថវិកាពីសប្បុរសជនជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង/ស្រុកទាំង៨

ស្វាយរៀង៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីប្រគល់ និងទទួលថវិកាសប្បុរសជនរបស់លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង/ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសចូលឆ្នាំថ្នី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ បានរៀបចំសង្ក្រានស្វាយរៀង អបអរឆ្នាំថ្មីនេះលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ ក្រុមគ្រួសារ និងសហការី បានឧបត្ថម្ភជាថវិកាចំនួន ១១,៤០០ដុល្លារ និងបានចំណាយរៀបចំមានអាហាររួមផ្សំ ស្ករត្នោត និងអំបុកធម្មជាតិដាក់តាំងលក់ក្នុងស្តង់ពិពណ៌សង្ក្រានស្វាយរៀង បានចំណូលមកវិញ ១,៣០០ដុល្លារ ហើយថវិកាទាំងអស់នេះលោកស្រី បានប្រគល់ជូនដល់អនុសាខាក្រុង/ស្រុកទាំង៨ តាមទិន្នន័យប្រជាជនតិច ឬច្រើនសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងកត្តាងាយរងគ្រោះចាប់ពី ១ ដល់ ៥ ករណី។

នៅក្នុងពិធីនេះ លោកស្រីក្នុងនាមក្រុមគ្រួសារ និងក្នុងនាមអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុង/ស្រុកទាំង៨ ក្នុងខេត្ត ក្រោយពីទទួលបានថវិកានេះ គឺយកទៅបញ្ចូលគណនីបញ្ញើរនៅធនាគារដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវតាមទម្រង់ការហេរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់រៀបចំចំណូល និងចំណាយ។

អនុសាខាទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាព គ្រោះមហន្តរាយ និងកត្តាជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងកំរិតតិចតួច បើករណីច្រើនលើសពីលទ្ធភាពត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្តជាបន្ទាន់ ដើម្បីសាខាដោះស្រាយឆ្លើយតបជូនបានទាន់ពេលវេលា ។

ថវិកាដែលលោកស្រីបានផ្តល់ជូនទៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុក គឺស្រុកស្វាយជ្រំ ៣,០០០ដុល្លារ ស្រុករមាសហែក ២,៣០០ដុល្លារ ស្រុកកំពង់រោទិ៍ ១,៧៥០ដុល្លារ ស្រុករំដួល ១,៤៥០ដុល្លារ ស្រុកស្វាយទាប ១,៤៥០ដុល្លារ ស្រុកចន្ទ្រា ៧៥០ដុល្លារ ក្រុងស្វាយរៀង ១,៤៥០ដុល្លារ និង ក្រុងបាវិត ៥៥០ដុល្លារ សរុបចំនួន ១២,៧០០ដុល្លារ៕