តាមការសិក្សា ជំនាញវិស្វករ និងស្ថាបត្យករនៅកម្ពុជា ប្រាក់ខែឡើងដល់ជិត ៣ពាន់ដុល្លារ

តាមរយៈ​ការសិក្សា​របស់​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ ក្នុង​រយៈ​ពេល​៩ខែ ឆ្នាំ២០១៨​នេះ តម្លៃ​ពលកម្ម ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្សេងទៀត ក្នុង​១ខែអាចទទួល​បាន​ប្រាក់​បៀរត្ស​ពី​ ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ។ ការសិក្សាក៏បានបង្ហាញពីតម្លៃពលកម្ម​គ្មាន​ជំនាញ​ ​ក្នុង​១ ថ្ងៃ​ អាច​ទទួលបាន​ពី​ ៣៥ ០០០រៀល​​ទៅ ៤០ ០០០រៀល​ ឯកម្មករមានជំនាញ​ និង​មេ​ជាង​ក្នុង​១ថ្ងៃ ​អាច​ទទួល​បាន​ពី​ ៥០ ០០០រៀល ដល់​ ៧៥ ០០០រៀល។

​របាយការណ៍ដដែល​ឲ្យដឹងទៀត​ថា ​វិស័យ​សំណង់​ បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ គិតជា​មធ្យម​ប្រមាណ​ ២០ ទៅ ២២ម៉ឺននាក់ ក្នុង​១ ថ្ងៃ​។ ដោយ​ឡែក​នៅរាជធានីភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណពី​ ៩ម៉ឺន ទៅ ១០ម៉ឺននាក់​ធ្វើការក្នុង​​១ ថ្ងៃ​។​ បើធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧​ ចំនួន​កម្មករ​គិតជាមធ្យម​ប្រមាណ ៩ម៉ឺន ៥ពាន់​នាក់​​ទៅ​ ១០​ម៉ឺន​នាក់​ ក្នុង១ថ្ងៃ សម្រាប់ទូទាំងប្រទេស ខណៈនៅរាជធានីភ្នំពេញ​មាន​កម្មករ​ប្រមាណ​ ៦ម៉ឺន ៥ពាន់​នាក់​​ទៅ ៧ម៉ឺននាក់​ ក្នុង​​១ ថ្ងៃ​ គឺ​មាន​ការកើនឡើង​ចំនួន ១២០%។