ស៊ីម៉ាក់កំទេចគ្រាប់មីនបានជាង ៨ពាន់គ្រាន់ និងរំដោះផ្ទៃដីជិត២ពាន់ហិកតា ក្នុងខេត្តចំនួន៥

(ភ្នំពេញ)៖ ការអនុវត្តគំរោងជំនួយឥតសំណង​នៃរដ្ឋាភិបាលនិងប្រជាជនចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា​ គាំទ្រសកម្មភាព​បោស​សំអាតសំណល់ជាតិផ្ទុះពីសង្គ្រាម​របស់អង្គភាពស៊ីម៉ាក់​ ក្នុងរយៈពេល១២ខែ​(​១​ ឧសភា​ ២០១៨​ ដល់​ ៣០​ មេសា​ ឆ្នាំ២០១៩)។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានអះអាងថា គម្រោងក្នុងឆ្នាំទី១នេះ​ បានទទួលជោគជ័យគួរកត់សំគាល់។

បើតាមលោក ហេង រតនា គម្រោងនេះអនុវត្តប្រតិបតិ្តការនៅក្នុង​ខេត្តព្រះវិហារ​ ស្ទឹងត្រែង​ សៀមរាប​ កំពង់ធំ​ និងខេត្តស្វាយរៀង​ ហើយជំនួយនេះមានចំនួន២លាន៥សែនដុល្លារអាមេរិក​ មានកំលាំងប្រតិបតិ្តការជាង ៣២០នាក់។

អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គម្រោងនេះសំរេចលទ្ធផលដោយធ្វើការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន​ និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះបានចំនួនជិត២,០០០​ ហិចតា​ រុករកនិងប្រមូលកំទេចចោល ​គ្រាប់មីន/UXOគ្រប់ប្រភេទបានចំនួន៨,៧០០គ្រាប់​ ព្រមទាំង​ធ្វើការស្រាវជ្រាវបច្ចេកទេស​ និងការងារអន្តរាគមន៍បន្ទាន់ៗផងដែរ៕