ករណីផ្ទុះ​នៅស្រីលង្កាមួយទៀតហើយ បន្ទាបពីការបំផ្ទុះគ្រាប់បែកស្លាប់មនុស្សជិត៤០០នាក់កាលពីថ្ងៃអាទិត្យ

(​​កូឡុំបូ)​៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ថា ប៉ូលិសស្រីលង្កាបានអះអាង​ថា សំឡេងផ្ទុះត្រូវបានលាន់ឮចេញពី​ដីវាលមួយកន្លែងនៅពីក្រោយអគារតុលាការ ក្នុងទីក្រុងភូហ្គោដា (Pugoda) ដែលមាន ចម្ងាយ ៤០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងកូឡុំបូ បន្ទាបពីការចេញផ្សាយនៅមុននេះ​បន្តិចដោយទីភ្នាក់ងារព័ត៌មាន Reuters ។

ប៉ូលិសស្រីលង្កាបានបើកការស៊ើបអង្កេតទៅលើករណីផ្ទុះថ្មីនេះ កំពុងតែធ្វើឡើងយ៉ាងបន្ទាន់ ខណៈយន្តហោះដ្រូន ឬយន្តហោះគ្មានមនុស្សបើក ត្រូវបានហាមមិនឲ្យធ្វើការបង្ហោះឡើយ នៅទូទាំងប្រទេស។ បន្ថែមពីនេះទៀតការផ្ទុះ​ថ្មីនេះ ក្រោយពីរដ្ឋាភិបាលស្រីលង្កា បានប្រកាសប្រាប់ភ្ញៀវទេសចរនានា កុំឲ្យព្រួយបារម្ភរឿងសន្តិសុខ ព្រោះពេលនេះកងកម្លាំងយោធា និងប៉ូលិសត្រូវបានដាក់ ពង្រាយបន្ថែមនៅតាមតំបន់សំខាន់ៗ ដើម្បីការពារសន្តិសុខជារួមតែម្តង។

រហូតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ គួរបញ្ជាក់ថា  ជនសង្ស័យសរុប ៧៥នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យ កន្លងទៅនៅស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស ៣៥៩នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់។​

ម៉្យាងវិញទៀត អាជ្ញាធរស្រីលង្កាក៏កំពុងបើកការស៊ើបអង្កេតទៅករណីដែលថា ក្រុមមន្រ្តីមួយចំនួនទទួលបានព័ត៌​មានអំពីការអាច កើតមានឡើងនៃសកម្មភាព បំផ្ទុះគ្រាប់បែកនៅទិវាគ្រិស្តសាសនា Easter ដោយក្រុមភេរវករ National Thowheeth Jama’ath ប៉ុន្តែបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។