សហជីព​វិស័យ​សំណង់​ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​បញ្ហា​សុវត្ថិភាព ​និង​សុខភាព

(ភ្នំពេញ)៖ សហ​ជីព​ដែល​ធ្វើ​ការ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ ប្រមាណ​ជិត​ ២០០​ នាក់ ​បានប្រមូល​ផ្តុំគ្នា​នៅ​មុខ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ របស់​កម្មករ​សំណង់​ បន្ទាប់​ពី​ពួក​គេ ​បាន​ប្រារព្ធទិ​វា​ពិភព​លោក​ ដើម្បី​សុ​វត្ថិភាព​ និង​សុខ​ភាព​ការងារ​ជា​លើក​ទី២ ​កាល​ពី​ម្សិលមិញ។​

​លោក ​សុខ​ គីន​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា ​(BWTUC)​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ថា កម្មករ​សំណង់​កម្ពុជា​មាន​បញ្ហា​ប្រឈម​ច្រើន​ណាស់​ទាក់​ទង​នឹង​​សុខ​ភាព​ សុ​វត្ថិ​ភាព​ រហូតពួកគេ​មួយ​ចំនួន​ ក្លាយ​ទៅ​ជា​ជនពិការ ​និង​បាត់​បង់​អាយុ​ជីវិត​ ក្នុង​ពេល​​បំពេញ​ការងា​រ​របស់​ខ្លួន ព្រោះ​តែ​នៅ​មាន​ការខ្វះ​ខាត​ច្រើន​ ជុំវិញ​ការ​ការពារ​ពី​ច្បាប់​ពី​កន្លែង​ការងារ​ពី​ស្ថាប័ន​ពាក់​ព័ន្ធជាពិសេស​ពី​ម្ចាស់​ការដ្ឋាន​ជាដើម។​

​លោក​​បញ្ជាក់​ថា​៖​ «​ដោយ​សារ​តែ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ​នៅ​ពេល​នេះ ​យើង​លើក​បញ្ហា​ទាំង​អស់​នេះ​ដាក់​ជូន​ក្រសួង​ ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​ថា​ មា​ន​បញ្ហា​អ្វីខ្លះ ​ដែល​អាច​នឹង​ដោះស្រាយ​ជូន​កម្មករ​សំណង់​បាន។​ បើ​យើង​ពិនិត្យ​ទៅ​ ប​ស​ស​ បាន​អនុ​ម័ត​ហើយ ​សង្ឃឹម​ថា​ក្រសួង​អាច​ពង្រីក​វិសាល​ភាព​ទៅ​កាន់​កម្មករ​សំណង់ ​ព្រោះ​វា​មាន​សារៈសំខាន់​​មែន​ទែន ហើយ​ជា​អ្វី​ដែល​កម្មករ​សំណង់​យើង​ចង់​បាន​។ ​​អ៊ី​ចឹង​សូម​ឲ្យ​ក្រសួង​​ពិនិត្យ​​មើល​ចំពោះ​បញ្ហា​នេះ​គួ​រ​​តែ​ពង្រីក​វិសាល​ភាព​ដើ​ម្បី​ទប់​ស្កាត់​អត្រា​គ្រោះ​ថ្នាក់​របស់​កម្មករ​សំណង់​កម្ពុជា»។​​

លោ​ក​បន្ត​ថា​៖ «កម្មករ​រង​គ្រោះ​ច្រើន​ណាស់​ ព្រោះ​និយោ​ជក​ខ្លះ ​មិន​មាន​សម្ភារ សុវត្ថិភាព​គ្រប់គ្រាន់​ទេ ​ហើយ​ព្រោះ​ពួក​គាត់​ខ្លះ​ ធ្វើ​ការ​កន្លែង​ខ្ពស់​ខ្លាំង​ណាស់​ ដោយ​គ្មាន​ប្រព័ន្ធ​ការពារ។​ ខ្ញុំ​បាន​សួរ​នាំ​ទៅ​កម្មករ​ហើយពួ​ក​គាត់​ច្រើន​មែន​ទែន​ ដែល​​មិន​បាន​ទទួល​ការ​ការពារ​ដោយ​ច្បាប់​ ហើយ​បើ​និយាយ​ពី​គ្រោះ​ថ្នាក់​ការងារ​ គឺ​ច្រើនណាស់​ ចំពោះ​កម្មករ​សំណង់»។​

លោក ​អាត់ ​ធន់​ ថ្លែង​ថា​ញត្តិ​រួម​គ្នា​ដែល​សហ​ជីព​បាន​ដាក់​ជូន​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈគឺ​

១​-​ ស្នើ​សុំ​​ឲ្យ​ចេញ​ប្រកាស​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​វិស័យ​សំណង់ ​និង​សម្ភារសំ​ណង់​ឲ្យ​បាន​សមរម្យ។ ​

២- ចេញ​ប្រកាស​ស្ដីពី​សុខ​ភាព​សុវ​ត្ថិ​ភាព​សម្រាប់​កម្ម​ករ​វិស័យ​សំណង់​ និង​សម្ភារ​សំណង់។​

៣-​ ដា​ក់​បញ្ចូល ​និង​ព​ន្លឿ​ន​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ ​(ប​ស​ស)​ ឲ្យ​បាន​ឆាប់​ និង​ឲ្យ​​មាន​ប្រសិទ្ធភាព​ ក្នុង​វិស័យ​សំណង់។​ ​

៤​-​ ចេញ​ប្រកាស​ស្តីពី​ការ​គ្រប់​គ្រង ​និង​អធិ​ការ​កិច្ច​លើ​ក្រុម​ហ៊ុន​ម៉ៅការ​បន្ត។ ​និង​ទី ​៥​-​ស្នើ​សុំ​ឲ្យ​រៀប​ចំ​​គោល​នយោ​បាយ​ជាតិ​ និង​បទ​ដ្ឋាន​គតិ​យុត្ត​ ស្តីពី​ការគ្រប់​គ្រង និង​ប្រើ​ប្រាស់​សារ​ធាតុ អាស​បេស្តុស នៅ​កម្ពុជា។​

​លោក​ ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ថ្លែង​ថា ​ក្រសួង​បាន​ទទួល​ញត្តិ​របស់​សហ​ជីព​ ​ហើយ​ក៏​កំពុង​ពិភាក្សា​ជា​មួយ​ ភាគី​ពាក់​ព័ន្ធ​ដើម្បី​ដោះស្រាយ។​

​លោក​​បញ្ជាក់​ថា​៖​ ​«​ក្រសួង​ក៏​បាន​ធ្វើ​វេទិកាជួប​ជាមួយ​សហជីព​កាល​ពី​ថ្ងៃ​ទី​ ២​៤ ​មេសា​ កន្លង​ទៅ​ជា​មួយនឹ​ង​ផែ​ន​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​ ILO​ ដើម្បី​សិក្សា​​ដោះ​ស្រាយលើ​ចំណុច​ប្រឈម​ ក្នុង​វិស័យ​សំណង់​នេះ»។​

​បើ​តាម​មេដឹក​នាំ​សហ​ជីព​កម្ម​​​ករ​ក្នុង​វិស័យ​សំណង់​ទូទាំង​ប្រទេស​ គឺ​មាន​ជាង​ ២០​ ម៉ឺន​នាក់​ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ ​មាន​ប្រមាណ​ ១០ % ​ប៉ុណ្ណោះ​ទទួលបាន​សេវា​គាំពារ​ពីរ​ដ្ឋ ​បើ​ប្រៀប ធៀប​ទៅ​នឹង​កម្មករ​ក្នុង​វិស័យ​រោង​ចក្រ​កាត់​ដេរ​ជាង​ ៩០ ម៉ឺន​នាក់​ គឺ​មា​ន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់ ​ព្រោះ​ពួក​គេ​ប្រមាណ ​៩០​% ​ទទួល​បាន​​លក្ខខណ្ឌ​ល្អ ​និង​ការ​គាំពារ​ពីរដ្ឋ៕​