កម្ពុជា-ថៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជា» រយៈពេល២ថ្ងៃ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Jarae Pokpa ទីប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកគ្រឿងញៀន ប្រចាំស្ថានទូតថៃ នៅកម្ពុជា និងជាតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបើកពិធីបណ្តុះបណ្តាល ស្តីពី «ការត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ សម្រាប់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជា»

កម្មវិធីបើកវគ្គមណ្តុះបណ្តាលនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ស្ថាប័នជំនាញគ្រឿងញៀន នៃប្រទេសទាំងពីរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកំពស់សមត្ថភាពចំណេះដឹងមន្ត្រីចូលរួមមកពីបណ្តាក្រសួង-ស្ថាប័នអនុវត្តច្បាប់ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ការត្រួតពិនិត្យ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុញៀន និងសារធាតុគីមីផ្សំនៅក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេត បង្ក្រាប រាល់ការបង្វែរសារធាតុគីមីផ្សំ យកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ហើយនេះក៏ជាការរួមចំណែកក្នុង ការចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងបទឧក្រិដ្ឋផ្សេងៗ ដែលមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន មានតួនាទីភារកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបកុំឱ្យកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់យើងរៀងៗខ្លួន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ក្រុមប្រឹក្សាត្រួតពិនិត្យ គ្រឿងញៀនថៃ ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងសម្ភារ និងថវិកា ក្នុងន័យរួមចំណែកក្នុងសកម្មភាពលើកកម្ពស់សមត្ថភាពចំណេះដឹងមន្រ្តី អនុវត្តច្បាប់គ្រឿងញៀននៅកម្ពុជា និងជាស្មារតីចូលរួមសហប្រតិបត្តិការល្អ រវាងប្រទេសដែលមានព្រំដែនជាប់គ្នា និងជាឆន្ទៈជំរុញដល់ការទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការបង្វែរសារធាតុគីមី ផ្សំយកទៅសំយោគលួចលាក់ផលិត គ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ជាពិសេសប្រទេសនៅតាមដងទន្លេមេគង្គ៕