រដ្ឋមន្ត្រីក្រសួងអប់រំសាទរចំពោះជ័យលាភីដល់សិស្សពូកែឆ្នាំ២០១៩និងជម្រុញលើកទឹកចិត្តឲ្យខំរៀនបន្ថែមទាំងសិស្សដែលមិនជាប់ជ័យលាភីក៏ត្រូវតែខិតខំបន្ថែមទៀត

សៀមរាប៖ ក្នុងចំណោមសិស្សពូកែថ្នាក់ទី៩ និង ថ្នាក់ទី១២ ទូទាំងប្រទេសចំនួន៤៨០នាក់ ក្នុងនេះមានសិស្សនារីចំនួន២៤៧នាក់ ដោយឆ្លងកាត់សម័យប្រឡងដណ្តើមជ័យលាភីប្រចាំឆ្នាំ២០១៩ លើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា កាលពីសប្តាហ៍មុនក្នុងមណ្ឌលប្រឡងវិទ្យាល័យ ១០ មករា ១៩៧៩ (ក្រុងសៀមរាប) រហូតមកដល់រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ គណកម្មការមេប្រយោគ បានរកឃើញសិស្សពូកែដែលត្រូវបានទទួលជ័យលភីចំនួន៦០នាក់ ។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងនេះ បង្ហាញថា សិស្សកម្រិតថ្នាក់ទី៩ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរមានចំនួន១០នាក់ ផ្នែករូបវិទ្យា១០នាក់ និង ផ្នែកគណិតវិទ្យា១០នាក់ និង សិស្សកម្រិតថ្នាក់ទី១២ ជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរចំនួន១០នាក់ ផ្នែករូបវិទ្យា១០នាក់ និងផ្នែកគណិតវិទ្យា១០នាក់ ។

ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងនៅក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនិងចែករង្វាន់ជ័យលាភី បានរៀបចំធ្វើឡើងនៅវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប នៅចុងសប្តាហ៍ នារសៀលថ្ងៃ អាទិត្យ ទី ២៨ ខែ មេសានេះ បានមានប្រសាសន៍ក្នុងការសាទរចំពោះសិស្សានុសិស្សជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៩ និង គណៈកម្មការមេប្រយោគ ព្រមទាំងអាជ្ញាធរខេត្តសៀមរាប លោកគ្រូអ្នកគ្រូដែលបានជួយ ឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូននិងទទួលបានលទ្ឋផលល្អ ។ ក្នុងនោះឯកឧត្តមក៏បានជម្រុញលើកទឹកចិត្ត និង ផ្តល់អនុសាសន៍ ដល់សិស្សដែលមិនបានជាប់ជ័យលាភី សូមកុំឲ្យបាក់ទឹកចិត្ត បើក្មួយៗបន្តខំរៀនបន្ថែមទៀត ទោះមិនជាប់ជ័យលាភីសិស្សពូកែក៏ប្អូនៗក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និង អាចទទួលបាននិទ្ទេសល្អផងក៏មាន ។ កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និង អ្នកមិនជាប់ជ័យលាភី គឺមិនត្រូវបោះបង់ការសិក្សាឡើយ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏បានរំលេចផងដែរ អំពីមោទនភាពនៃលទ្ឋផលរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្នុងពេលកន្លងមកឃើញថា អតីតជ័យលាភីសិស្សពូកែរបស់យើង បានផ្តល់មោទនភាពជាតិ ដោយបានចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិជាបន្តបន្ទាប់ និង បាននាំមេដាយ និង ពានរង្វាន់នានាមកជូនជាតិមាតុភូមិជាបន្តបន្ទាប់ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ក្មួយៗដែលទទួលបានជ័លាភីសិស្សពូកែ និង ជាសិស្សពូកែទាំងអស់ត្រូវបន្តខិតខំកសាងខ្លួន ឲ្យក្លាយជាយុវជនជឿនលឿន ជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗទៀតជូនជាតិមាតុភូមិ ជាពិសេសជ័យលាភីសិស្សពូកែទាំងបីមុខវិជ្ជាទាំងពីរកម្រិតថ្នាក់ ទាំងថ្នាក់ទី៩និងថ្នាក់ទី១២ ក៏ត្រូវត្រៀមខ្លួនប្រឡងឲ្យជាប់សញ្ញាបត្រមធ្យមសិក្សាថ្នាក់ជាតិ និងត្រៀមខ្លួនឲ្យបានល្អ ដើម្បីបន្តចូលរៀននៅមធ្យមសិក្សាទុតិយភូមិនិងនៅឧត្តមសិក្សា ព្រមទាំងបានជម្រុញដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានលើការជ្រើសរើសជ័យលាភីសិស្សពូកែថ្នាក់រាជធានី ខេត្ត ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យចំសិស្សពូកែថ្នាក់ខេត្តពិតប្រាកដមុននឹងបញ្ជូនមកចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត ។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩នេះជាលើកទី២៦នៃការប្រឡងជ្រើសរើសជ័យលាភីសិស្សពូកែទូទាំងប្រទេស ហើយក៏ជាលើកទី៦ ដែលខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡង ហើយការប្រឡងនេះបានប្រព្រឹត្តិទៅក្នុងអំឡុងខែមេសាជារៀងរាល់ឆ្នាំ។ ឆ្នាំ២០១៩ គឺជាលើកទី២៦ នៃការរៀបចំសម័យប្រឡងជ្រើសរើសដណ្តើមយកជ័យលាភីសិស្សពូកែទូទាំងប្រទេស និង ជាលើកទី៦ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ ។ ការប្រឡងនេះ ត្រូវបានប្រព្រឹត្តិទៅក្នុងអំឡុងខែមេសាជារៀងរាល់ឆ្នាំ ។ ដំណើរការប្រឡងមានរយៈពេល៣ព្រឹក ( ថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ) ។

គ្រប់បេក្ខជនទទួលជ័យលាភីសិស្សពូកែ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ១សន្លឹក ។ បន្ថែមពីលើនេះ សិស្សជ័យលាភីទទួលបានមេដាយ មាស ប្រាក់ និងសំរិទ្ឋ ពីលេខ១ដល់លេខ៣ ទទួលបានសញ្ញាបត្រសិស្សពូកែទូទាំងប្រទេស និង ប្រាក់រង្វាន់ចាប់ពីលេខ១ដល់លេខ១០ ពី៣លាន៥សែនរៀល មកត្រឹម ៨សែនរៀល ៕