បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូស្រ្តីបរទេសជាគ្រូបង្រៀនម្នាក់ របួសធ្ងន់ទាំងសងខាង

(ភ្នំពេញ)៖ កាលពីវេលាម៉ោង៧ៈ១៥នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ មានបុរសម្នាក់បើកម៉ូតូ Smash Vក្នុង ល្បឿនលឿនពេក ជ្រុលទៅបុកពីក្រោយម៉ូតូ TODAY បើកបរដោយស្ត្រីបរទេសជាគ្រូបង្រៀនម្នាក់ កំពុងឆ្លងផ្លូវចូលសាលាអន្តរជាតិ ISPP ពេញទំហឹង បណ្ដាលឲ្យដួលរបួសខ្លួនឯង សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ ត្រូវបានក្រុមគ្រូពេទ្យសាលាអន្តរជាតិ ISPP ជួយសង្គ្រោះបឋម នៅផ្លូវ៣០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  ។

មុនពេលកើតហេតុ គេឃើញស្ត្រីបរទេសម្នាក់ ដែលជាគ្រូបង្រៀនជិះម៉ូតូ១គ្រឿង ម៉ាក TODAY ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1FH-0080 តែម្នាក់ឯង តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ដោយមានខាងសន្តិសុខកំពុង ជួយសម្រួលចរាចរណ៍ ទើបស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1088 ទិសដៅពីលិចទៅកើតស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីបរទេសខាងលើ ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើថ្នល់ រងរបួសសន្លប់ស្តូកស្តឹងកណ្ដាលផ្លូវ ចំណែកស្ត្រីគ្រូបង្រៀនបរទេស ក៏រងរបួសផងដែរ ហើយត្រូវក្រុមសន្តិសុខជួយ នាំចូលកន្លែងសង្គ្រោះរបស់សាលាអន្តរជាតិ ISPP ដើម្បីជួយសង្គ្រោះផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុ បានធ្វើការសម្រួលចរាចរណ៍ និងក្រុមគ្រូពេទ្យសាលាអន្តរជាតិ ISPP ចេញមកជួយសង្គ្រោះបុរសដែលសន្លប់ស្ដូកស្ដឹងនោះ លក្ខណៈបឋមសិនផងដែរ ដើម្បីរងចាំរថយន្តសង្គ្រោះបន្ទាន់មកយក។

ក្រោយមកជនរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សួគ៌ា យកទៅព្យាបាលនៅមន្ទីរពេទ្យ ៕