ក្រសួងមហាផ្ទៃ ​បដិសេធ​លិខិត​បង្ហាញ​ពី​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ទាក់ទង​ឋានន្ត​រស័ក្តិ​នគរបាល

(ភ្នំពេញ)៖ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ពី​ម្សិលមិញ បាន​បដិសេធ​លិខិត​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ ដែល​និយាយ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​ក្រសួង​មហាផ្ទៃ ដោយ​លោក​អះអាង​ថា ជា​លិខិត​ក្លែង​ក្លាយ និង​មិន​ផ្លូវការ ខណៈ​ក្នុង​លិខិត​បាន​បង្ហាញ​ពី​លំដាប់​ឋានន្ត​រស័ក្តិ​នគរបាល និង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​ជា​កំណែ​ទម្រង់​ថ្មី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ។

ការ​ចែកចាយ​លិខិត​នេះ កើតមាន​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៧ មេសា បាន​ណែនាំ​ទៅ​កាន់​លោក ​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​កាត់​បន្ថយ​ផ្កាយ​ក្នុង​ជួរ​ទាហាន និង​នគរបាល ដែល​ជា​ការ​កែ​ទម្រង់​មួយ​ឲ្យ​មាន​សមភាព​ក្នុង​ជួរ​កងកម្លាំង។

លោក​ ខៀវ សុភ័គ ប្រាប់ពីម្សិលមិញ​ថា ក្រុមមន្ត្រី​ជំនាញ​បាន​រៀបចំ​ធ្វើ​កំណែ​ទម្រង់​នេះ​រួច​រាល់​ហើយ ប៉ុន្ដែ​ក្រសួង​មហាផ្ទៃ មិន​ទាន់​ចេញ​លិខិត​ផ្លូវការ​ណាមួយ ជូន​ដល់​សា​ធារណ​ជន​​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា លិខិត​ដែល​គេ​នាំគ្នា​ចែក​ចាយ លើ​បណ្ដាញ​ហ្វេសប៊ុក​នោះ គឺជា​លិខិត​មិន​ផ្លូវការ ព្រោះ​គ្មាន​វាយ​ត្រាគ្មាន​ថ្ងៃ​ខែ និង​គ្មាន​អ្នក​ចុះ​ហត្ថលេខា​ត្រឹមត្រូវ។

លោក​បន្ត​ថា បើ​មាន​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ លើ​វិស័យ​កងទ័ព វា​នឹង​ជះ​ឥទ្ធិពល​មក​លើ​វិស័យ​នគរបាល​ជាតិ​ដែរ ព្រោះ​កម្លាំង​ទាំង​នេះ ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់ថា៖ «លិខិត​ហ្នឹង​មិនអាច​យក​ជា​ផ្លូវការ​បានទេ ជួនកាល​គេ​បង្ហោះ​លេង​តែ​ខ្លួន​គេ​ទៅ អា​លិខិត​ក្លែង​ក្លាយ​ឥឡូវ​មិន​ពិបាក​ធ្វើ​ទេ​ប្អូន ជន​ខិល​ខូច គេ​ចង់​ធ្វើ​ម៉េច​ក៏បាន​ដែរ តែ​សំខាន់​មាន​បោះត្រា មាន​ថ្ងៃខែ មាន​ឈ្មោះ​អ្នក​ស៊ីញ៉េ ឬ​អត់? បើ​អត់​ទេ កុំ​ជឿ​វា​អី​ប្អូន ព្រោះ​នេះគ្រាន់​តែ​ក្រុម​បណ្ដាញ​សង្គម​ចែកចាយ​គ្នា​លេង​ទេ»។

លោក​ សុភ័គ​ បន្ថែមថា ការបង្គាប់​ឲ្យ​ធ្វើកំណែទម្រង់​នេះ ក៏​ស្ថិតក្នុង​ផែនការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ធ្វើ​សេចក្ដី​ព្រាង​ទុក​រួច​រាល់​ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ ប៉ុន្ដែ​ស្រាប់​តែ​លោក​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​បែប​នេះ ក៏​ស្រប​តាម​ផែនការ​នេះ​តែម្ដង។

តាម​លិខិត​ដែល​សារព័ត៌មាន​ក្នុងស្រុក​អះអាងថា ជា​លិខិត​បែកធ្លាយ​នោះ បាន​បង្ហាញ​ថា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ និង​អគ្គ​ស្នងការ​នគរបាល​ជាតិ នៅ​រក្សា​ទុក​ឋានៈ ជា​នាយ​ឧត្តម​សេនីយ៍ ផ្កាយ ៤ ដដែល។ ចំណែក អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ ជា​ឧត្តម​សេនីយ៍​ឯក​ផ្កាយ ៣ និង​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ ១ ក៏​ជា​ផ្កាយ ៣ ដែរ។

រីឯ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​ជា​ឧត្តម​សេនីយ៍​ទោ​ផ្កាយ ២ និង​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ ២ ក៏​ផ្កាយ ២ ហើយ​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​ទទួល​ផែន​នៃ​អគ្គ​ស្នងការ​ជា​ឧត្តម​សេនីយ៍​ទោ​ផ្កាយ ២ ផងដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២៧ ខែ មេសា បាន​ណែនាំ​ទៅ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថា​ថ្ងៃ​ខាងមុខឋានន្ត​រស័ក្តិ​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស ៤ នឹង​មាន​តែ ២ រូប​ទេ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​អគ្គមេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។ ឯ​មេ​បញ្ជាការ​ទ័ព​ជើង​គោក ជើង​អាកាស និង​ជើង​ទឹក និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជាច្រើន​ទៀត ចំណុះ​ក្រសួង​ការពារ​ជាតិ ដែល​ធ្លាប់​ពាក់​ផ្កាយ ៤ ដែរ​នោះ មាន​ឋានន្ត​រស័ក្តិ​ត្រឹម​តែ​ជា​ឧត្តម​សេនីយ៍​ឯក​ផ្កាយ ៣ ប៉ុណ្ណោះ។

លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ណែនាំ​ទៅ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ឋានន្តរ​ស័ក្តិ របស់​កងកម្លាំង​នគរបាល​ជាតិ​ផងដែរ៕