បច្ចុប្បន្ន​វិស័យសេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ ក្នុង​នោះ​ក៏​មាន​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ផង​ដែរ​

(​ភ្នំពេញ)​៖​ ឯកឧត្តម​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរ​ដ្ឋា​ភិ​បា​ ល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ថ្លែង​ឡើង​ក្នុង​ន័យ​ខាងលើ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ ការងារ​សម្រេច​បាន​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៩​ របស់​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់​ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករនិយោជិត​ (​ទ​.​ស​.​ប​.​ក​)​ និង​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ (​ស​.​ផ​.​ក​)​ នៅ​ក្នុង​សាល​ប្រជុំ​ធំ​របស់​ ប​.​ស​.​ស​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ១១​រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៩​ នេះ​។​

​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ បាន​ថ្លែង​បន្ត​ថា​ ៖​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ បច្ចុប្បន្ន​វិនិយោគិន​ទាំង​នៅ​ក្រៅ​ស្រុក​និង​នៅ​ក្នុងស្រុក​បាន​ដាក់​ទុន​ វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា​ ដែល​បាន​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​បានជា​ច្រើន​ផង​ដែរ​ក្នុង​មួយ​ឆ្នាំៗ​។​

​មក​ដល់​ពេល​នេះ​ វិស័យសេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​ផ្នែក​ ក្នុង​នោះ​ក៏​មាន​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ផង​ដែរ​ ដែល​នាំ​ទៅ​ដល់​ការ​លើកកំពស់​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ផ្ទាល់​សម្រាប់​កម្មករ​ និ​យោ​ជិ​ក​នៅ​កម្ពុជា​។​

​ឯកឧត្តម​ប្រតិភូ​ បាន​ថ្លែង​បន្ត​ទៀត​ថា​៖​ ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​នេះ​ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​ទៅ​ដល់​សុខភាព​ របស់​កម្មករនិយោជិត​ ក្នុង​ពេល​បំពេញការងារ​ដែល​ជា​ភាព​ប្រឈម​ នៅ​ចំពោះ​មុខ​ថែម​ទៀត​ផង​ ក្នុង​នោះ​ដូច​ជា​ករណី​គ្រោះថ្នាក់​ការងារ​ ករណី​សន្លប់​ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ ។​

​ស្ថិត​នៅ​ក្នុង​ស្ថាន​ការ​ ដែល​ជា​កង្វល់​នេះ​ រាជរដ្ឋាភិបាល​ ដែល​មាន​សាមី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​សេនាធិការ​ បាន​បង្កើត​ក្រុមការងារ​ទប់ស្កាត់​ករណី​សន្លប់​ និង​បង្ការ​គ្រោះថ្នាក់​ការងារ​របស់​កម្មករនិយោជិត​ (​ទ​.​ស​.​ប​.​ក​)​ និង​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ទប់ស្កាត់​នូវ​រាល់​ករណី​គ្រោះថ្នាក់​ទាំងនេះ​។​

​ក្នុង​នោះ​ក៏​មាន​ ក្រសួងមហាផ្ទៃ​ ក្រសួងសុខាភិបាល​ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ សាលា​រាជធានី​ភ្នំពេញ​ កាកបាទក្រហមកម្ពុជា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង​កម្មករនិយោជិត​ អង្គការ​ជន​ពិការ​អន្តរជាតិ​ និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​។​

​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨​ ដែល​ថ្លែង​ឡើង​ដោយ​ឯកឧត្តម​ ហេង​ សុ​ផា​ន់​ណា​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​គោលនយោបាយ​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បានឱ្យ​ដឹង​ថា​៖​ កន្លង​មកនេះ​ ក្រុមការងារ​ ទ​.​ស​.​ប​.​ក​ បាន​ចុះ​អង្កេត​ និង​សិក្សា​ស្រាវជ្រាវ​ករណី​កម្មករនិយោជិត​សន្លប់​ ដើម្បី​ស្វែងរក​មូលហេតុ​ និង​ចាត់វិធានការ​កែ​លម្អ​លើ​ រោងចក្រ​ដែល​មាន​កម្មករនិយោជិត​សន្លប់​មាន​ចំនួន​ ១៧​រោងចក្រ​ និង​កម្មករនិយោជិត​សន្លប់​ចំនួន​ ២​ ១០៩​នាក់​។​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​ គឺ​មានការ​ថយ​ចុះ​ចំនួន​ ០៥​រោងចក្រ​ ស្មើនឹង​ ២៣%​ និង​កម្មករនិយោជិត​សន្លប់​កើនឡើង​ចំនួន​ ៥០៦​នាក់​ ស្មើនឹង​ ៣២%​ ភាគច្រើន​កម្មករនិយោជិត​ដែល​រង​គ្រោះ​ គឺ​បាន​ផ្តើម​ចេញពី​កម្មករនិយោជិត​សន្លប់​តែ​ពី​ម្នាក់​ ឬ​ពីរ​នាក់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គឺ​បាន​ឆ្លង​នូវ​ជំងឺ​ស្នេហ៍​ហ្វូង​។​

​មូលហេតុ​ចម្បងៗ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​សន្លប់​កើត​មាន​ឡើង​ រួម​មាន​ដូច​ជា​បញ្ហា​ចិត្តសាស្ត្រ​សង្គម​មាន​ចំនួន​ ៣៧%​ បញ្ហា​គីមី​មាន​ចំនួន​ ២០%​ បញ្ហា​រូបសាស្ត្រ​មាន​ចំនួន​ ១៥%​ បញ្ហា​ការងារ​បន្ថែម​ម៉ោង​មាន​ចំនួន​ ១៣%​ បញ្ហា​ជីវសាស្ត្រ​មាន​ចំនួន​ ១១%​ បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ​មាន​ចំនួន​ ២%​ និង​បញ្ហា​មេកានិច​មាន​ចំនួន​ ២%​។​

​ទាក់ទង​ទៅ​និង​បញ្ហា​នេះ​ ឯកឧត្តម​ប្រតិភូ​ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ ទ​.​ស​.​ប​.​ក​ បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​បន្ថែម​ទៀត​ ដល់​កម្មករនិយោជិត​នៅ​តាម​បណ្តា​សហគ្រាស​ គ្រឹះស្ថាន​នានា​ ឲ្យ​មានការ​យល់​ដឹង​ខ្ពស់​បន្ថែម​ទៀត​ពាក់​ព​ន្ធ័​និង​ស្ថានភាព​ប្រឈម​នេះ​ ដើម្បី​កម្មករនិយោជិត​ទទួល​បាន​នូវ​សុខភាព​ដ៏​ល្អ​ប្រសើរ​គ្រប់ពេលវេលា​ ក្នុង​ការ​ជម្រុញ​ដល់​ការ​លើកកំពស់​ជីវភាព​រស់នៅ​ដោយ​ផ្ទាល់​ក៏​ដូច​ជា​រួមចំណែក​លើកកំពស់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មានកា​រីក​ចម្រើន​ឥត​ឈប់​ឈរ​៕